(តូក្យូ, ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈប្រតិភូនៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨នេះ បានចាប់ផ្តើមបំពេញទស្សនកិច្ចជាផ្លូវការហើយនៅក្នុងប្រទេសជប៉ុន។ ការចាប់ផ្តើមដំណើរទស្សនកិច្ចនៅទីក្រុងតូក្យូ សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូត្រូវបានអញ្ជើញទស្សនកិច្ចលើតំបន់ និងមជ្ឈមណ្ឌលសំខាន់ៗមួយចំនួន ក្នុងទីក្រុងតូក្យូ និងទីក្រុងយូកូហាម៉ា ខេត្តកាណាហ្កាវ៉ា ក្នុងនោះទី១ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណះប្រតិភូអញ្ជើញទស្សនាមជ្ឈមណ្ឌលសំអាតទឹកលូ ទី២អញ្ជើញទស្សនាកំពង់ផែកុងតឺន័រអន្តរជាតិយូកូហាម៉ា និងទី៣អញ្ជើញ ទស្សនាគម្រោងអភិវឌ្ឍតំបន់មីណាតូមីរ៉ាយ ទីក្រុងយូកូហាម៉ា ខេត្តកាណាហ្កាវ៉ា ប្រទេសជប៉ុន។

នៅមជ្ឈមណ្ឌលសំអាតទឹកលូ ក្នុងទីក្រុងតូក្យូ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលសំអាតទឹកលូ។

សម្តេចតេជោ និងគណៈប្រតិភូ បានតាមដានស្តាប់យកចយកចិត្តទុកដាក់ពីការធ្វើបទបង្ហាញពីសំណាក់ថ្នាក់ដឹកនាំមជ្ឈមណ្ឌល ស្តីពីគម្រោងនៃការផលិតទឹកស្អាតក្នុងទីក្រុងតូក្យូ ពិសេសការធ្វើប្រព្រឹត្តកម្មទឹកកខ្វក់សម្រាប់បម្រើឲ្យសេចក្តីត្រូវការប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងទីក្រុងតូក្យូ។

ជាមួយនិងការធ្វើបទបង្ហាញនោះដែរ ថ្នាក់ដឹកនាំមជ្ឈមណ្ឌលក៏បានជំរាបជូនសម្តេចតេជោដែរថា មជ្ឈមណ្ឌលកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងប្រទេសកម្ពុជា ក្នុងការនាំយកនូវបច្ចេកវិទ្យាដ៏ទំនើបនេះ ទៅកាន់ប្រទេសកម្ពុជា ដើម្បីធ្វើប្រព្រឹត្តកម្មទឹកកខ្វក់មួយចំនួន ដើម្បីមប្រើឲ្យសេចក្តីត្រូវការ និងការប្រើប្រាស់របស់ប្រជាជនកម្ពុជា ពិសេសការកាត់បន្ថយលើហានិភ័យនៃសុខភាព របស់ប្រជាជនកម្ពុជា៕