(ភ្នំពេញ)៖ ទឹកប្រាក់ប្រមាណ១,៥០០០ដុល្លារ ដែលត្រូវបានប្រមូលពីសប្បុសជន ដើម្បីជួយដល់លោក ហ៊ិន រតនា គ្រូបង្ហាត់ឆ្កែល្បីប្រចាំកម្ពុជា ដោយក្នុងនោះមានការជ្រោមជ្រែងពីក្រុមហ៊ុន Sabay និងធនាគារ ព្រីនស៍។

រយៈពេល៣សប្ដាហ៍ហើយដែលក្រុមហ៊ុនទាំង២ សហការគ្នារៀបចំកម្មវិធីសប្បុរសធម៌ រៃអង្គាស់ថវិកាពីសប្បុរសជននានា ក្នុងនោះថវិកាប្រមូលបាន ពីសាធារណជនមានចំនួន៥ពាន់ដុល្លារ ហើយក្រុមហ៊ុន Sabay បានជួយឧបត្ថម្ភ៥ពាន់ដុល្លារ និងធនាគារ ព្រីនស៍ ឧបត្ថមចំនួន៥ពាន់ដុល្លារ។
ទោះយ៉ាងណាសាធារណជន នៅតែអាចបន្តជួយបរិច្ចាគថវិកាដល់លោក ហ៊ិន រតនា តាមយៈគណនេយ្យផ្ទាល់របស់លោក។ យុទ្ធនាការប្រមូលថវិកាជួយ ដល់គ្រូបង្ហាក់ឆ្កែល្បី​នតាមរយៈ Sabay ត្រូវ​បានបញ្ចប់ហើយ ដោយបានធ្វើការរៃអង្គាស់ប្រមាណ៣សប្តាហ៍កន្លងទៅ។

លោក ជី សិលា នាយកប្រតិបត្តិក្រុមហ៊ុន Sabay ឲ្យដឹងថា ពិធីប្រគល់ថវិកាដល់ក្រុមគ្រួសារ លោកហ៊ិន រតនា និងយុទ្ធនាការសប្បុរសធម៌នេះ ជាការបង្ហាញពីទឹកចិត្ត របស់សាធារជនអ្នកគាំទ្រ Sabay និងអ្នកដែលស្រឡាញ់ចូលចិត្តលោក ហ៊ិន រតនា។

លោកបន្ថែមថា «ការចែករំលែកមិនមែនមានន័យថា ទល់តែគ្រប់គ្នាមានរាប់រយដុល្លាររាប់ពាន់ដុល្លារទេ ទើបអាចចែករំលែកបានឡើយ ជាក់ស្ដែងដូចយុទ្ធនាការនេះអឹចឹង អ្នកទាំងអស់គ្នាបរិច្ចាគតែ១ដុល្លារក្នុងម្នាក់ ដូច្នេះក្នុង១ដុល្លារនេះអ្នកទាំងអស់គ្នាអាចរកបាន៥ពាន់ដុល្លារ ខ្ញុំគិតថា វាជារឿងមួយល្អហើយមិនមែនតែជាមួយលោក ហ៊ិន រតនា ម្នាក់ទេអាចជាអ្នកអ្នកផ្សេងទៀត ក៏យើងរួមគ្នាជួយក្នុងម្នាក់១-២ដុល្លារ»។

លោកស្រី តែ មុយនី នាយិការនាយកដ្ឋានទំនាក់ទំនង អាជីវកម្មធនាគារព្រីនស៍ឲ្យដឹងថា ធនាគារមានគោលការណ៍រួមចំណែក ជួយដល់សង្គមតាមរយៈមធ្យោបាយផ្សេងៗ។ លោកស្រីថា «ជាក់ស្ដែងដូចករណីលោកគ្រូហ៊ិន រតនា អឹចឹងបើមានតម្រូវការជួយ យើងនឹងជួយទៅតាមលទ្ធភាព ហើយការជួយនេះនឹងធ្វើឲ្យមានវប្បធម៌ ក្នុងការជួយគ្នាឲ្យកាន់តែប្រសើរឡើង»។

សូមបញ្ជាក់ថា លោក ហ៊ិន រតនា ជាបុគ្គលមួយទទួលការបណ្តុះបណ្តាលជំនាញ បង្ហាត់ឆ្កែនៅសហរដ្ឋអាមេរិក មិនត្រឹមតែឈ្មោះល្បីនៅកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងមានការទទួលស្គាល់ពីអន្តរជាតិថែមទៀតផង ប៉ុន្ដែកាលពីមួយរយៈមុនលោក បានជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ និងត្រូវការថវិកាជាបន្ទាន់សម្រាប់ព្យាបាលជំងឺ៕