(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជំរុញឲ្យអាជ្ញាធរក្រុង និងមន្ទីរសាធារណៈការខេត្ត ក្រោយដាច់ទឹកភ្លៀងត្រូវចូលរួមសហការរៀបចំប្រព័ន្ធលូរំដោះទឹក និងស្ថាបនាចាក់កៅស៊ូ ផ្លូវចូលវត្តពាលញែកឡើងវិញ ដើម្បីឲ្យក្រុងពោធិ៍សាត់លេចចេញសោភណ្ឌភាព ផាសុកភាព និងដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមក្នុងពិធីបុណ្យអុំទូកលើកដំបូង ក្នុងទឹកដីខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ។

លោកអភិបាលខេត្ត បានជំរុញបែបនេះ ក្នុងឱកាសចុះសួរសុខទុក្ខអាជីវករផ្សារពោធិ៍សាត់ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធបណ្តាញលូ ផ្លូវ និងវេទិកាអុំទូក ក្នុងក្រុងពោធិ៍សាត់នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨។ ពិធីនោះក៏មានការចូលរួមពីលោក ម៉ក់ រ៉ា ទីប្រឹក្សាក្រសួងមហាផ្ទៃ លោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត មន្ទីរជំនាញ និងអាជ្ញាធរក្រុង។

លោក ម៉ៅ ធនិន បានថ្លែងថា ដោយមើលឃើញការលំបាក ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងរដូវវស្សានេះ លោកបានចាត់ឲ្យអាជ្ញាធរក្រុង និងមន្ទីរសាធារណៈការខេត្ត ក្រោយដាច់ទឹកភ្លៀង ត្រូវចូលរួមសហការ ដាក់គ្រឿងចក្ររៀបចំប្រព័ន្ធលូ និងស្ថាបផ្លូវកៅស៊ូ ចូលវត្តពាលញែកមួយខ្សែនេះឡើងវិញ។ ក្រោយចាក់កៅស៊ូរួចរាល់ ក្រុមហ៊ុនរៀបចំបង្គោលភ្លើង ត្រូវចាប់ផ្តើមតម្លើងភ្លើងបំភ្លឺផ្លូវ ដើម្បីឲ្យមានសោភណ្ឌភាព និងភ្លឺព្រោងព្រាត។

លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយអាជ្ញារមានសមត្ថកិច្ច និងមន្ទីរជំនាញ ដើម្បីឲ្យកិច្ចដំណើរការស្ថាបនាទៅបានដោយរលូន និងមានភាពងាយស្រួល។ លោកបន្ថែមថា រាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់កសាង និងអភិវឌ្ឍន៍ប្រទេស នាំមកនូវសុខសន្តិភាព ដែលរកបានដោយលំបាក ឈានទៅកាត់បន្ថយភាពក្រីក្រីជូនប្រជាពលរដ្ឋ។

លោកបានឲ្យដឹងដែរថា ជាប្រវត្តិសាស្ត្រក្រោយឆ្នាំ១៩៧៩ ខេត្តពោធិ៍សាត់ពុំដែលមានកម្មវិធីប្រណាំងទូកនោះឡើយ ប៉ុន្តែនៅដើមអាណត្តិទី៦ នៃរដ្ឋសភានេះ ខេត្តពោធិ៍សាត់នឹងមានរៀបចំពិធីប្រណាំងទូកនៅតាមដងស្ទឹងពោធិ៍សាត់ ទល់មុខផ្លូវចូលវត្តពាលញែក ដែលមានទូកចូលរួមប្រគួតប្រជែង រហូតទៅដល់១៣គូ ជាមួយនឹងសម្លៀកបំពាក់ប្រពៃណី តាមព័ណ៌ចំណុះទូក។ ចំពោះវេទិកាទស្សនាស្ថាបនាឡើងដោយប្រភេទឈើប្រណិត សាងសង់ទៅតាមបទដ្ឋានបុរាណខ្មែរ ជាសំណង់ប្រវត្តិសាស្ត្រទុកជូនកូនចៅជំនាន់ក្រោយបានប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមថែទាំ សម្អាតអនាម័យ ជុំវិញផ្លូវក្នុងទីប្រជុំជន និងតាមដងស្ទឹង ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមទស្សនាឲ្យបានច្រើនកុះករ ក្នុងពិធីបុណ្យអុំទូកលើកដំបូង ក្នុងទឹកដីខេត្តពោធិ៍សាត់ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងប្រព្រឹទ្ធទៅចាប់ពីថ្ងៃទី១៩ ដល់២០ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខ៕