(ភ្នំពេញ)៖ ក្រុមហ៊ុន មិង ហួរ ខុនដូមីនៀម បានរៀបចំពិធី «សម្ពោធបើកលក់ជាផ្លូវការ» នូវគម្រោង មិង ហួរ ខុនដូមីនៀម ដែលនឹងចំណាយទឹកប្រាក់វិនិយោគ ជាង១១លានដុល្លារសហរដ្ឋអាមេរិក ក្រោមអធិបតីភាព លោក លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលរៀបចំធ្វើឡើងសណ្ឋាគារ THE GREAT DUKE រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨។

ថ្លែងក្នុងពិធីនោះ លោក ឈួរ ឈុនហួរ អគ្គនាយក ក្រុមហ៊ុន មិង ហួរ គ្រុប ខូអិលធីឌី បានថ្លែងថា បច្ចុប្បន្ននេះ ទីក្រុងភ្នំពេញជាបេះដូង និងជាសរសៃឈាមសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរ ដ៏សំបូរបែប ដែលនាំឲ្យមានកំណើន នៃការរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងទីក្រុងភ្នំពេញ ពិសេសកំណើននៃតម្រូវការលំនៅឋាន ស្របពេលដែលដីមិនកើន។

លោក ឈួរ ឈុនហួរ បន្ដថា ហេតុដូចនេះ ទើបក្រុមហ៊ុន មិង ហួរ ខុនដូមីនៀម បានសាងសង់ជាអគារស្នាក់នៅរួម (ខុនដូ) ដើម្បីចូលរួមសម្រួល ដល់ការរស់នៅ ដោយប្រើប្រាស់ដីទំហំដដែល ប៉ុន្តែសង់ឡើងខ្ពស់អាចឲ្យមនុស្ស រស់នៅបានច្រើនគ្រួសារ ប្រកបដោយផាសុកភាព សុវត្ថិភាព និងភាពងាយស្រួល។

លោកបានបន្ថែមទៀតថា គោលបំណងនៃការរៀបចំពិធី «សម្ពោធបើកលក់ជាផ្លូវការ»នេះ មាន២សំខាន់ៗ ដូចខាងក្រោម៖

ទី១៖ ផ្សព្វផ្សាយអំពីគុណភាព និងសេវា អំពីគម្រោង មិង ហួរ ខុនដូមីនៀម ដល់ភ្ញៀវកិត្តិយស ជាបុគ្គលិក មន្រ្តីរាជការ អាជីវករ ពាណិជ្ជករ និងបងប្អូនប្រជាពលរដ្ឋទូទៅ ដែលមានបំណងចង់មានផ្ទះ ជាកម្មសិទ្ធិផ្ទាល់ខ្លួន ស្ថិតនៅចំកណ្តាលទីក្រុងភ្នំពេញ។

ទី២៖ បង្ហាញអំពីការចូលរួមលើកកម្ពស់វិស័យ អចលនទ្រព្យនៅកម្ពុជា និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះការអភិវឌ្ឍវិស័យអចលនទ្រព្យ ស្របតាមក្របខណ្ឌយុទ្ធសាស្រ្តជាតិ ស្តីពីការអភិវឌ្ឍទីក្រុង របស់រាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាក្របខណ្ឌគោលនយោបាយ និងក្របខណ្ឌគតិយុត្តនានា របស់ ក្រសួងរៀបចំដែនដី ដែលបានរៀបចំ និងដាក់ចេញជាបន្តបន្ទាប់ ក្នុងគោលបំណងជំរុញ និងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង និងអភិវឌ្ឍន៍ ប្រកបដោយចេរភាព។

អគារ មិង ហួរ ខុនដូមីនៀម ត្រូវបានសាងសង់ឡើង ចែកចេញជាពីរអគារ លើផ្ទៃដីសរុបចំនួន ១,៣០៥ ម៉ែត្រក្រឡា ដែលនឹងចំណាយទឹកប្រាក់វិនិយោគ ជាង១១លានដុល្លារសហរដ្ឋអាមេរិក ដោយត្រូវចំណាយពេល សាងសង់ ចំនួន២ឆ្នាំកន្លះ មានដូចតទៅ៖

អគារទី១ ជាប្រភេទអគារក្លឹបហាត់ប្រាណ និងស្នាក់នៅ (សម្រាប់ជួល) មានកម្ពស់១៣ជាន់ សង់លើផ្ទៃដីសរុប ៧៥៤ ម៉ែត្រក្រឡា មានដូចជា៖

* ជាន់ក្រោមដី និងជាន់ផ្ទាល់ដី (សម្រាប់ជាចំណតឡាន និងមីនីម៉ាត)
* ជាន់ទី១ ដល់ជាន់ទី៥ (មានជាក្លឹបហាត់ប្រាណ អាងហែលទឹក)
* ជាន់ទី៦ ដល់ជាន់ទី១៣ (មានជាបន្ទប់ស្នាក់នៅសម្រាប់ជួល)
* ជាន់ដំបូល (មានជាស្កាយបា...)។

អគារទី២ ជាប្រភេទអគារស្នាក់នៅ (សម្រាប់លក់) មានកម្ពស់១៩ជាន់ សង់លើផ្ទៃដីសរុប៥៥១ម៉ែត្រក្រឡា មានដូចជា៖
* ជាន់ក្រោមដី និងជាន់ផ្ទាល់ដី (សម្រាប់ជាចំណតឡាន)
* ជាន់ទី១ (មានជាអាងហែលទឹក)
* ជាន់ទី២ (មានជាបន្ទប់ស្ទីម សោណា ទឹកក្តៅ ទឹកត្រជាក់)
* ជាន់ទី៣ ដល់ជាន់ទី១៩ (មានជាយូនីត ឬបន្ទប់ស្នាក់នៅសម្រាប់លក់ ដែលមានជាប្រភេទបន្ទប់៣០ម៉ែត្រក្រឡា ៤០ ៤២ ៥៣.៣ និងប្រភេទបន្ទប់៦០ម៉ែត្រក្រឡា)។

លោក ឈួរ ឈុនហួរ បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ក្រុមហ៊ុនបានសាងសង់ចប់ជាន់ទី២ និងកំពុងបន្តសាងសង់ទៅជាន់ទី៣ និងជាន់បន្តបន្ទាប់ ទាំងពីរប្រភេទអគារដំណាលគ្នាតែម្តង។

ជាមួយគ្នានោះ អគ្គនាយក ក្រុមហ៊ុន មិង ហួរ គ្រុប ខូអិលធីឌី បានគូសបញ្ជាក់ថា ក្រុមហ៊ុននឹងសាងសង់អគារស្នាក់ នៅដែលមានតំលៃចាប់ពី២ម៉ឺនដុល្លារឡើងទៅ អាចបង់រំលួសត្រឹម២០០ដុល្លារ ក្នុងមួយខែ មានទីតាំងស្ថិត នៅក្នុងរាជធានីភ្នំពេញ ជាសំណង់ដែលមានគុណភាព សុវត្ថិភាព និងផាសុកភាព ជួយសម្រួលដល់អតិថិជន ដែលមានកម្រិតជីវភាពរស់នៅមធ្យម និងបង្គួរ៕