(ភ្នំពេញ)៖ ដើម្បីការពារសុខសុវត្ថិភាពម្ហូបអាហារនារដូវបុណ្យភ្ជុំបិណ្ឌខិតជិតមកដល់ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៨ បានចុះឆែកឆេរ និង ត្រួតពិនិត្យអាហារវេចខ្ចប់ស្រេច ដើម្បីធ្វើជាកាដូអនុស្សាវរីយ៍ដាក់លក់នៅម្តុំពេទ្យចិនហួសគុណភាពជាច្រើនកញ្ចប់ ហើយសម្រេចរឹបអូសយកទៅកំទេចចោលភ្លាមៗផងដែរ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ខណៈកំពុងចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារវេចខ្ចប់ជាស្រេចនៅ តាមបណ្តោយមហាវិថីព្រះមុនីវង្សម្តុំពេទ្យចិននោះ លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្រុមការងាររបស់លោក បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម ចុះត្រួតពិនិត្យទំនិញ និងអាហារដែលវេចខ្ចប់ជាស្រេចនេះដោយសង្ស័យមានខូចគុណភាពនិងហួសសុពលភាព ហើយក្រោយពិនិត្យក្រុមការងាររបស់លោកបានរកឃើញ ភ្លាមៗនូវនំ ភេសជ្ជះ ទឹកផ្លែរឈឺ និងសម្ភារមួយចំនួនទៀតហួសគុណភាព ដែលវានឹងធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។

ក្រោយពីរឹបអូសនូវទំនិញខូចគុណភាពទាំងនេះជាច្រើនកញ្ចប់នៅហាងមួយចំនួននោះ លោក គង់ វុទ្ធី បានឲ្យអាជីវករឬម្ចាស់ហាងចុះកិច្ចសន្យាឈប់ដាក់លក់នូវទំនិញខូចគុណភាពដែលវាធ្វើឲ្យប៉ះពាល់ដល់សុខភាព អ្នកបរិភោគ ហើយប្រសិនបើមានដាក់តាំងទៀតនឹងចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានោះដែរ លោកក៏បានអំពាវនាវដល់អាជីវករអ្នកចែកចាយលក់ដុំលក់រាយ អ្នកផលិតនាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ចប់ការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ជាដើម។

លោក គង់ វុទ្ធីបានបន្ថែមថានៅក្នុងប្រតិបត្តិការចុះឆែកឆេរនេះ គឺធ្វើឡើងតាមបទបញ្ជា ឯកឧត្តមប្រធានប្រតិភូទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាផែស្ងួតចុងទីភ្នំពេញ ដែលគិតអំពីសុវត្ថិភាពនិងសុខភាពដល់បងប្អូនប្រជាពលរដ្ឋ ហើយនេះគឺបានធ្វើឡើងដូច ភ្លៀងរលឹមយ៉ាងដូច្នេះដែរ៕