(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៨នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំ កំពូលមេគង្គ-ជប៉ុនលើកទី១០ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។

យោងតាមក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០នេះ ធ្វើឡើងពីថ្ងៃទី៦ ដល់ ១០ ខែតុលា ឆ្នាំ២០១៨។ អញ្ជើញអមដំណើរសម្តេចតេជោ ហ៊ុន សែន មានលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា ក្នុងពេលចូលរួមកិច្ចប្រជុំកំពូលនេះ ថ្នាក់ដឹកនាំចូលរួមកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន នឹងចូលក្រាបបង្គំគាល់ព្រះចៅអធិរាជជប៉ុនផងដែរ។

ក្រសួងការបរទេសបានឲ្យដឹងផងដែរថា កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០នេះ នឹងពិភាក្សា និងអនុម័តយុទ្ធសាស្រ្តទីក្រុងតូក្យូថ្មី សំដៅធ្វើឲ្យប្រសើរឡើងនូវការតភ្ជាប់ លើកកម្ពស់សុខមាលភាពប្រជាជន និងការពារបរិស្ថាន។ យុទ្ធសាស្ត្រនេះផ្តោតសារៈសំខាន់ លើការអភិវឌ្ឍប្រកបដោយចីរភាព និងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងប្រទេសមេគង្គ និងប្រទេសសមាជិកអាស៊ានផ្សេងទៀត។

សម្តេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថាមួយដោយផ្តោតជាសំខាន់ទៅលើទិសដៅនាពេលអនាគត នៃកិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន។

ថ្នាក់ដឹកនាំមេគង្គ នឹងអញ្ជើញពិសារអាហារការងារពេលព្រឹក រៀបចំដោយសមាគមមិត្តភាពសភាជប៉ុន-មេគង្គ ពិសារអាហារការងារថ្ងៃត្រង់ រៀបចំដោយក្រុមធុរកិច្ច និងចូលរួមក្នុងវេទិកាវិនិយោគជប៉ុន-មេគង្គ រៀបចំដោយអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)។ ក្នុងឱកាសនោះ សម្តេចតេជោនឹងថ្លែងសង្កថាគន្លឹះ ផ្តោតលើការទាក់ទាញវិនិយោគិនជប៉ុនមកធ្វើធុរកិច្ចក្នុងតំបន់មេគង្គ។

នៅក្រៅកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១០ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន ស្តីពីបញ្ហាផ្សេងៗដែលជាការយកចិត្តទុកដាក់រួមនៃកិច្ចសហប្រតិបត្តិការទ្វេភាគីតំបន់ និងអន្តរជាតិ។ បន្ទាប់មកនាយករដ្ឋមន្ត្រីទាំងពីរ នឹងមានសន្និសីទសារព័ត៌មានរួមគ្នា។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោ នឹងទទួលជំនួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ដោយលោក ម៉ាសាហ៉ីរ៉ូ អ៉ីម៉ាមូរ៉ា (Masahiro IMAMURA) ប្រធានសមាគមមិត្តភាពសភាជប៉ុន-កម្ពុជា លោក ហ៉ីរ៉ូយូគី អ៉ីស៊ីហ្គេ (Hiroyuki Ishige) ប្រធាន និងជានាយកប្រតិបត្តិអង្គការ JETRO លោក ហ្វូ៊មីអាគី តាកាហាស៊ី (Fumiaki Takahashi) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពជា លោក ណូប៊ូអាគី គីតាម៉ូរី (Nobuaki Kitamori) តំណាងក្រុមហ៊ុនមីស៊ុអ៉ី (Mitsui Co., Ltd) និងលោក យូស៊ីហ៉ីសា កៃនុម៉ា (Yoshihisa Kainuma) តំណាងក្រុមហ៊ុនមីនេប៊ែរ (Minebea Cambodia Co., Ltd)។ សម្តេចតេជោ ក៏នឹងអញ្ជើញទស្សនកិច្ចតំបន់ឧស្សាហកម្មសំខាន់ៗចំនួនពីររបស់ជប៉ុនផងដែរ រួមមានកំពង់ផែកុងតឺណឺរនៅទីក្រុងយូកូហាម៉ា (Yokohama) និងមជ្ឈមណ្ឌលសំអាតទឹកអារីយ៉ាកេ (Ariake)។

សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងឆ្លៀតឱកាសជួបសំណេះសំណាលជាមួយសហគមន៍ និងនិស្សិតកម្ពុជាដែលកំពុងរស់នៅនិងសិក្សានៅក្នុងប្រទេសជប៉ុនផងដែរ។ 

សូមបញ្ជាក់ថា មេគង្គ-ជប៉ុន គឺជាកិច្ចសហប្រតិបត្តិការមួយដែលមានប្រទេសចំនួន៥ ជាសមាជិករួមមាន ជប៉ុន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ត្រូវបានផ្តួចផ្តើមឡើងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសជប៉ុន-កម្ពុជា-ទ្បាវ-វៀតណាម (CLV) លើកទី៣ នៅខែមករា ឆ្នាំ២០០៧ នៅទីក្រុងCebu ប្រទេសហ្វីលីពីន។

ក្នុងកិច្ចប្រជុំនោះ បានប្រកាសឲ្យមាន «កម្មវិធីភាពជាដៃគូនៃតំបន់ជប៉ុន-មេគង្គ» ដែលជាជំហានដំបូងឈានទៅបង្កើតឲ្យមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-ជប៉ុនលើកទី១ នៅឆ្នាំ២០០៨ នៅទីក្រុងតូក្យូ ដែលមានជប៉ុន កម្ពុជា ទ្បាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ជាសមាជិក។

កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន មានគោលបំណងកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងជំរុញសមាហរណកម្មអាស៊ាន។ កិច្ចសហប្រតិបត្តិការនេះមានគោលដៅចម្បងក្នុងការសម្រេចកំណើនសេដ្ឋកិច្ចដោយចីរភាព ដោយគិតគូរអំពីបរិស្ថាន និងសុខភាព ព្រមទាំងធានាសន្តិភាព និងស្ថេរភាពជានិរន្តរ៍នៅក្នុងតំបន់។

កិច្ចសហប្រតិបត្តិការមេគង្គ-ជប៉ុន ប្រព្រឹត្តទៅជារៀងរាល់ ០១ឆ្នាំម្ដង ស្របជាមួយកិច្ចប្រជុំកំពូលអាស៊ាន និងឆ្លាស់ទៅធ្វើនៅប្រទេសជប៉ុន រៀងរាល់ ០៣ឆ្នាំម្ដង ដើម្បីរៀបចំយុទ្ធសាស្រ្តក្រុងតូក្យូថ្មី។ កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន បានធ្វើឡើងចំនួន ៩ដងហើយគិតចាប់តាំងពីឆ្នាំ២០០៩មក។ តាមរយៈកិច្ចប្រជុំជាបន្តបន្ទាប់រយៈ៩ឆ្នាំកន្លងទៅ កិច្ចសហប្រតិបត្តិការមួយនេះ បានធ្វើឲ្យមានទំនាក់ទំនងយ៉ាងល្អប្រសើររវាងប្រទេសជាសមាជិក ហើយក៏បានរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាសមាជិកឲ្យរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ៕