(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Philippe Baudry ទីប្រឹក្សាសេដ្ឋកិច្ចស្ថានទូតបារាំង ប្រចាំកម្ពុជាក្នុងឱកាសលោកទើបផ្លាស់ មកបំពេញការងារនៅកម្ពុជា នារសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ នេះ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរំឭកឡើងវិញ ពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-បារាំង ដែលមានជាយូរលង់មកហើយ ព្រមទាំងលើកឡើងពីស្ថានភាពសេដ្ឋកិច្ច នយោបាយ ដែលកម្ពុជា កំពុងទទួលផល ដោយកើតចេញពីកត្តាសុខសន្តិភាពជាចំបង ហើយមានលក្ខណៈអំណោយផល គ្រប់បែបយ៉ាងសម្រាប់ការវិនិយោគ ពីក្រៅប្រទេស។ លោកបានស្នើឲ្យ លោកទីប្រឹក្សាសេដ្ឋកិច្ចប្រចាំស្ថានទូតបារាំង ជួយទាក់ទាញបន្ថែមទៀត ឲ្យវិនិយោគិនបារាំងមកបណ្តាក់ទុន នៅកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត។

ក្នុងឱកាសនោះ លោកកិត្តិសេដ្ឋាបណ្ឌិត បានជម្រាបជូនពីលក្ខណៈ អំណោយផល និងបរិស្ថានវិនិយោគល្អប្រសើររបស់កម្ពុជា ជាពិសេសគឺកម្ពុជាទទួលបាន ភាពអនុគ្រោះពាណិជ្ជកម្ម ដែលអាចនាំចេញនូវមុខទំនិញ និងផលិតផលរាប់ពាន់មុខ ដោយមិនជាប់ពន្ធ និងកូតា ជាមួយនិងតម្លាភាព នៃក្របខ័ណ្ឌច្បាប់ ដែលមានកិច្ចការពារខ្ពស់ ចំពោះអ្នកវិនិយោគនៅកម្ពុជា។

ទីប្រឹក្សាសេដ្ឋកិច្ចប្រចាំស្ថានទូតបារាំង បានសម្តែងភាពរីករាយ ចំពោះការបំពេញបេសកកម្មនៅកម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះការវិវឌ្ឍន៍រីកចម្រើន ផ្នែកសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស នៅទីនេះ។ លោកនឹងខិតខំទាក់ទាញអ្នកវិនិយោគបារាំង មកចាប់អារម្មណ៍បណ្តាក់ទុននៅកម្ពុជា ឲ្យបានកាន់តែច្រើនថែមទៀត៕