(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨​នេះ បានបណ្តេញជនសង្ស័យជាជនជាតិចិន ចំនួន​០៥នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែត (VOIP) នៅប្រទេសចិន ចេញពី​កម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ជើងយន្តហោះQD740 ឆ្ពោះទៅកាន់ប្រទេសកំណើតវិញ។

លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនសង្ស័យខាងលើ បានធ្វើសកម្មភាព និងប្រព្រឹត្តបទល្មើសនៅប្រទេសចិន ដោយបានឆបោកប្រាក់តាមប្រព័ន្ធអ៊ីនធ័រណែត (VOIP) ហើយបានរត់គេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ចប្រទេសចិន និងបានចូលមកសំងំលាក់ខ្លួនធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា និងត្រៀមធ្វើដំណើរទៅកាន់ប្រទេសឡាវ ដើម្បីបន្តធ្វើសកម្មភាពឆបោកនៅទីនោះទៀត​ (តំបន់ត្រីកោណ)។

បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយករងអន្ដោប្រវេសន៍នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឃាត់ខ្លួនជនសង្ស័យ នៅចំណុចមុខភោជនីយដ្ឋាន និងសណ្ឋាគារកាលីហ្វញ៉ា ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរូស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ​តាមសំណើរបស់ស្ថានទូតចិន​។​

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ អ៊ុក ហៃសីឡា ក៏បានអំពាវនាវដល់​ជនបរទេសដែលមករកស៊ី និងធ្វើការនៅក្នុងប្រទេសកម្ពុជា គួរជៀសវាងនូវអំពើខុសច្បាប់ទាំងឡាយណា ដែលធ្វើសកម្មភាពផ្ទុយនឹងច្បាប់ជាតិ-អន្តរជាតិ៕​