(កំពង់ឆ្នាំង)៖ កាំកុងត្រូលខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក យីវ ណារិន ជាប្រធានសាខា នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង អាជ្ញាធរដែនដី ចុះពិនិត្យទំនិញនៅផ្ទះលក់ទំនិញ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

លោក យីវ ណារិន សាខាកាំកុងត្រូលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដើម្បីចូល រួមកិច្ចការពារសុខុមាភាពប្រជាពលរដ្ឋ ក្នុងការជួយទប់ស្កាត់ការក្លែងបន្លំនិងទុច្ចរិតភាព របស់អ្នកលក់ដូរ ដែលអាជីវករតែងតែបន្លំ អីចឹងមន្រ្តីជំនាញកាំកុងត្រូល ដែលចុះពិនិត្យឆែកនេះក៏ដូចជាការ ដាស់តឿន និងជំរុញអោយមានការកែប្រែ ។

នៅក្នុងការអង្កេតនៅផ្ទះលក់ទំនិញ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង មន្រ្តីកាំកុងត្រូល បានផ្តោតទៅ លើ ផលិត ផលវេចខ្ចប់ ដូចជាស្លាដក់ ដែលរដូវភ្ជុំបិណ្ឌ ក្រែងមានអាជីវករខ្លះ មានគំនិត ខិលខូច ដាក់ របស់របរហួសកាលបរិច្ឆេទចូល និងគ្រឿងភេស្ជជៈ ដែលបាននិង កំពុងដាក់ តាំងលក់។

ក្រុមមន្រ្តីជំនាញកាំកុងត្រូល បានធ្វើតេស្តបឋម (Test Kit) ទៅលើម្ហូបអាហារមួយ ចំនួនរួម មាន៖ បង្គារ មឹក គុយទាវ សណ្តែកបណ្តុះ សរសៃមីលឿង នំបញ្ចុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ជ្រក់ត្រពាំង គូគ្រីវ ម្រះ ស្លឹកគូឆាយ ខ្ញីហាន់រួច គល់ស្លឹកហាន់រួច ជាដើម តែលទ្ធផលនៃការធ្វើតេស្តបឋម គឺទទួលបានលទ្ធផលល្អ។

ក្នុងពេលចុះពិនិត្យគុណភាពនៅផ្ទះលក់ទំនិញ ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុមការងារ ក៏បាន ចែកផ្សាយនូវរូបភាព Poster ឆ្លៀតអប់រំ និងផ្តាំផ្ញើដល់អាជីវករទាំងអស់ កុំឲ្យយកទំនិញគ្មាន គុណភាព ឬ មានសារធាតុគីមីមកលក់ ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

លោក យីវ ណារិន ក៏បានធ្វើការណែនាំដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូល ចែកចាយ ត្រូវតែស្គាល់ពីប្រភពច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់ ។

មិនតែប៉ុណ្ណោះយើងក៏បានឃ្លាំពិនិត្យ ការលក់រាយប្រេងឥន្ធនៈ ( ស្ថានីយ ចំនួន ០៤ទីតាំង ) រីឯតម្លៃលក់រាយនោះគឺសមស្របតាមតម្លៃ ដែលក្រសួងបានកំណត់ ៕