(ក្រចេះ)៖ ​ដោយមានការយកចិត្តទុកដាក់ចំពោះសុខ​ភាពប្រជាពលរដ្ឋ ផ្តោតសំខាន់ទៅលើការបរិភោគ​ម្ហូបអាហារ ក៏ដូចជាគ្រឿងភេសជ្ជផ្សេងៗនោះ នៅថ្ងៃទី៥ ខែតុលា​ ឆ្នាំ២០១៨នេះ​ សាសាខាកាំកុងត្រូលខេត្តក្រចេះ ដឹកនាំដោយលោក យាង បាក់ អនុប្រធានសាខាកាំងកុងត្រូលខេត្ត ​សហការជា​មួយ​មន្ទីរពាណិជ្ជកម្ម​ខេត្ត សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យតូបលក់ទំ​និញនានាៗ នៅក្នុងផ្សារស្នួលស្ថិតក្នុងឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

លោក យាង បាក់ ​បានឲ្យដឹងថា ក្នុងការត្រួតពុនិត្យក្នុងឱកាសនោះ គឺ​ក្រុមការងារ បានយកចិត្តទុកដាក់ផ្តោតសំខាន់ ទៅលើគ្រឿងវិចខ្ចប់ ដាក់ក្នុងស្លាដក សម្រាប់ប្រគេនព្រះសង្ឃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងគ្រឿងភេសជ្ជនានាមួយចំនួនទៀត ដូចជា គ្រឿងកំប៉ុង និងបានធ្វើតេស្តទៅលើសណ្ដែកបណ្ដុះ ត្រសក់ចាវ ស្ករត្នោត និងត្រសក់ជ្រក់។

លោកបន្តទៀតថា ជាលទ្ធផលបានរកឃើញ និងដកហូតទំនិញខូចគុណភាព​ ហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖ ទឹកដោះគោខាប់ចំនួន៣កំប៉ុងស្នើនឹង១,១៤kg នំក្មេងហួសកាលបរិច្ឆេទ ចំនួន១កញ្ចប់ធំ ស្នើនឹង០,៧២kg និងត្រសក់ចាវមានសារធាតុហាមឃាត់ សូយូមអីទ្រូស៊ុលហ្វីត(Sodium Hydrosul fite)ស្នើនឹង១១,៥០kg។

ឆ្លៀតក្នុងឱកាសនោះ ​​​លោក​ យាង បាក់ ​​បានអប់រំណែនាំបន្ថែមឲ្យ​អាជីវករលក់ដូរ ត្រូវមានការគិតគូរជាចម្បងដល់សុខភាពអ្នកទិញ ហើយរាល់ទំនិញដែល ទិញមកលក់ដូរ ត្រូវពិនិត្យឲ្យបានច្បាស់លាស់ជាមុន។

ជាមួយគ្នានោះ លោក​ប្រធានសាខាកាំកុងត្រូល ក៏បានធ្វើការណែនាំដល់​ប្រជាពលរដ្ឋ ត្រូវចេះមានការត្រួតពិនិត្យមើលរាល់ការទិញទំនិញផ្សេងៗ ជៀសវាងទិញអស់ថវិកា​ហើយប៉ះពល់ពីសុ​ខភាព និងបានបិទ poster ផ្សព្វផ្សាយអំពីសុវត្ថិភាពការប្រើប្រាស់ចំណីអាហារ៕