(ស្វាយរៀង)៖ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដោយមើលឃើញពីទុក្ខលំបាក និងមានជីវភាពក្រីក្រខ្វះខាតរបស់ស្ត្រី២គ្រួសារ ត្រូវជាបងប្អូនបង្កើត រស់ក្នុងភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង ដែលទទួលបន្ទុកយ៉ាងខ្លាំង ក្នុងការរ៉ាប់រងចិញ្ចឹមកូនរហូតដល់ទៅ៣នាក់ដូចគ្នា ខណៈប្ដីរត់ចោល និងម្នាក់ទៀតប្ដីមានជម្ងឺស្លាប់ចោល។

ជាក់ស្ដែងនារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ លោក ចាន់ វណ្ណសុខា ប្រធានអង្គភាពរដ្ឋាករទឹក ខេត្តស្វាយរៀង មានចិត្តអាណិតអាសូរយ៉ាងខ្លាំង បានផ្តល់ជាអំណោយផ្ទាល់ខ្លួនរបស់លោកដល់ស្ត្រី២ គ្រួសារ មកពីភូមិទទារ សង្កាត់ចេក ក្រុងស្វាយរៀង។

ក្នុងឱកាសនោះ លោក ចាន់ វណ្ណសុខា បានឲ្យដឹងថា ទោះបីជាអំណោយជាគ្រឿងឧបភោគបរិភោគ មានបន្តិចបន្តួចក្ដី ក៏វាអាចដោះស្រាយក្នុងជីវភាពគ្រួសាររបស់អ្នកមីង បានមួយរយៈពេល ក្នុងការចិញ្ចឹមកូនៗ ហើយមិនតែប៉ុណ្ណោះសូមមីងទាំងពីរ បន្តយកចិត្តទុកដាក់មើលថែរក្សាកូនចៅ ព្រោះរដូវនេះជារដូវវស្សា ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ និងរក្សាសុខភាពអនាម័យ និងលាងដៃ និងសាប៊ូពិសេសត្រូវហូបទឹកឆ្អិនដាំពុះ។

អំណោយដែលបានចែកជូនស្ត្រីទាំង២គ្រួសារ ក្នុង១គ្រួសារ ទទួលបាន អង្ករ២៥ គីឡូក្រាម, មីមួយកេស, ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ៦ដប, ទឹកត្រី៦ដបស្ករសរ, ប៊ីចេង និងថវិកា៤០,០០០រៀល។

សូមបញ្ជាក់ថា ស្ត្រីដែលមានជីវភាពក្រីក្រ និងខ្វះខាត២គ្រួសារ មានឈ្មោះ គង់ សាន អាយុ៤០ឆ្នាំ មានកូនក្នុងបន្ទុក៣នាក់ ប្ដីមានជម្ងឺស្លាប់ចោលអស់រយៈពេលមួយឆ្នាំ និងមួយគ្រួសារទៀត មានឈ្មោះ គង់ សាបន អាយុ៤៨ឆ្នាំ មានកូន៣នាក់ ខណៈប្ដីរត់ចោលប្រមាណ៣ឆ្នាំមកហើយ៕