(ភ្នំពេញ)៖ គណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំកិច្ចប្រជុំមួយ ស្ដីពី «ការត្រួតពិនិត្យ តាមដានវឌ្ឍនភាព និងវាយតម្លៃសមិទ្ធកម្ម នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ប្រចាំត្រីមាស ទី១ និងទី២ ឆ្នាំ២០១៨» នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨។

កិច្ចប្រជុំ ដើម្បីត្រួតពិនិត្យតាមដានវឌ្ឍនភាព និងវាយតម្លៃសមិទ្ធកម្មនេះ បានរៀបចំធ្វើឡើង ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.)។

ក្នុងនោះផងដែរ ក៏មានលោក-លោកស្រី ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន, លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែប ប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ, លេខាធិការដ្ឋាន នៃគណៈកម្មាធិការកែទម្រង់ រដ្ឋបាលសាធារណៈ, តំណាងដៃគូអភិវឌ្ឍន៍ និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ២៥០នាក់។

កិច្ចប្រជុំ ស្ដីពី «ការត្រួតពិនិត្យ តាមដានវឌ្ឍនភាព និងវាយតម្លៃសមិទ្ធកម្ម នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ប្រចាំត្រីមាស ទី១ និងទី២ ឆ្នាំ២០១៨» នេះ គឺជាកិច្ចប្រជុំ លើកទីមួយ សម្រាប់រដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដើម្បីត្រួតពិនិត្យតាមដានវឌ្ឍនភាព និងវាយតម្លៃសមិទ្ធកម្ម នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។

ជារួមសមិទ្ធផល ដែលសម្រេចបានសំខាន់ៗ ក្នុងត្រីមាសទី១ និងទី២ ឆ្នាំ២០១៨ រួមមាន៖

* ការបន្តសម្រចបាន នូវការពង្រឹងភាព ជឿទុកចិត្តនៃថវិកា ដោយការប្រមូលចំណូល មានវឌ្ឍនភាពល្អប្រសើរ ដោយគិតត្រឹមឆមាសទី១ ការអនុវត្តចំណូល ក្នុងស្រុកធៀបនឹងច្បាប់ថវិកា (ចំណូលចរន្ត និងចំណូលមូលធនក្នុងស្រុក) សម្រេចបាន ៥៣.៦០%.។

* (ចំណូលជារួមល្អប្រសើរត្បិត ចំណូលថ្នាក់ជាតិមានការធ្លាក់ចុះបន្តិច និងចំណូលថ្នាក់ក្រោមជាតិមានការកើនឡើង ដោយសារការផ្ទេរផ្នែកពន្ធមួយចំនួនពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ដូចជា ពន្ធចលនទ្រព្យ និងអចលនទ្រព្យ) ដោយឡែកការអនុវត្តចំណាយ គឺស្ថិតក្នុងស្ថានភាព ដែលអាចសម្រេចបានតាមគោលដៅ គឺសម្រេចបាន ៤០%។

លទ្ធផលនេះ អាចសន្និដ្ឋានបានថា ស្ថានភាពសាច់ប្រាក់ កាន់តែមានភាពជឿទុកចិត្តបាន និងគ្មានបំណុលកកស្ទះ នៅរតនាគារជាតិ (៦០ថ្ងៃ គិតចាប់ពីអាណត្តិ បើកផ្តល់ប្រាក់ បានចូលរតនាគារជាតិ រហូតដល់ថ្ងៃទូទាត់)។
ចំណែកយន្តការស្នូល នៃគណនេយ្យភាពហិរញ្ញវត្ថុ ក៏មានវឌ្ឍនភាពល្អប្រសើរផងដែរ ដោយក្រសួង-ស្ថាប័ន ចំនួន១០ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំនួន២៥បន្ថែមទៀត ត្រូវបានប្រកាសដាក់ ឲ្យអនុវត្តគម្រោងប្រព័ន្ធ FMIS និងបានទទួលការផ្សព្វផ្សាយ បញ្ជ្រាបការយល់ដឹងពីប្រព័ន្ធ FMIS។

គិតត្រឹមឆមាសទី១៖ អង្គភាពថវិកា ចំនួន៩១១ និងក្រសួង-ស្ថាប័ន ចំនួន៣៩ ត្រូវបានរៀបចំដាក់ ឲ្យអនុវត្តអង្គភាពថវិកា ជាមួយគ្នានេះដែរ ចំណាត់ថ្នាក់ថវិកាទាំង៧ ក៏ត្រូវបានដាក់ឲ្យអនុវត្តក្នុងប្រព័ន្ធ FMIS ផងដែរ។

ដោយឡែក ការផ្សារភ្ជាប់ថវិកា ទៅនឹងគោលនយោបាយ ក្នុងនោះ ថវិកាកម្មវិធីត្រូវបាន និងកំពុងដាក់ឲ្យអនុវត្តគ្រប់ក្រសួង-ស្ថាប័ន និងគ្រប់រដ្ឋបាលរាជធានី-ខេត្ត ជាបន្តបន្ទាប់ ដើម្បីឈានទៅរកការអនុវត្តថវិកា ផ្អែកលើព័ត៌មាន សមិទ្ធកម្ម (Performance informed budgeting)។

ការរៀបចំ និងការចរចារថវិកា ត្រូវបានពង្រឹង និងកែលម្អមួយកម្រិតខ្ពស់ថែមទៀត ដោយធ្វើការឆ្លុះបញ្ចាំង បានកាន់តែល្អប្រសើរនូវអាទិភាពសំខាន់ៗ របស់ក្រសួង-ស្ថាប័ន ដើម្បីសម្រេចបានគោលបំណង និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

កិច្ចការបន្ទាប់ដែលត្រូវបន្ត ការយកចិត្តទុកដាក់ គឺការធើ្វបច្ចុប្បន្នកម្មផែនការ សកម្មភាពរួមដំណាក់កាលទី០៣ ឆ្នាំ២០១៩-២០២០, ការរៀបចំយុទ្ធសាស្ត្រ នៃការកែទម្រង់ប្រព័ន្ធថវិកា សម្រាប់ថ្នាក់ក្រោមជាតិ, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ, ការរៀបចំយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៩-២០២៣, ការរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ២០១៨-២០២៥, បន្តជំរុញតម្លាភាពថវិកា ក្នុងក្របខ័ណ្ឌប្រព័ន្ធច្បាប់ និងបទប្បញ្ញត្តិជាធរមាន ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។

ជាមួយគ្នានេះ តំណាងដៃគូអភិវឌ្ឍន៍ ក៏បានវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលសម្រេចបានសមិទ្ធផលគន្លឹះជាច្រើន តាមរយៈការអនុវត្តកម្មវិធី កែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស, ការកៀរគរចំណូលក្នុងស្រុក, ការអនុវត្តចំណាយ និងវឌ្ឍនភាពនៃប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងការអនុវត្តថវិកាកម្មវិធី។ តំណាងដៃគូអភិវឌ្ឍន៍ ក៏បានបញ្ជាក់ពីជំហរ និងបន្តគាំទ្រ ដើម្បីជំរុញការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងជំហានបន្តបន្ទាប់ទៀត។

ឆ្លៀតក្នុងឱកាសនេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ក៏ដូចជាក្រសួង-ស្ថាប័នទាំងអស់ ដែលបានចូលរួមអនុវត្តកម្មវិធីកែទម្រង់កន្លងមក រហូតសម្រេចបានសមិទ្ធផលដ៏វិសេសវិសាលនេះ។

សមិទ្ធផល ដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែងនេះ គឺបង្ហាញអំពីឆន្ទៈ ស្មារតីនៃភាពជាម្ចាស់ ក្នុងការទទួលខុសត្រូវខ្ពស់ ដែលបាន និងកំពុងចូលរួមចំណែក អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជា ជំរុញសន្ទុះការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៅគ្រប់អង្គភាពពាក់ព័ន្ធ ឲ្យកាន់តែប្រទាក់ក្រឡាគ្នា ជាមួយកំណែទម្រង់ធំៗទាំង៣ រួមទាំង ការងារកែទម្រង់ប្រព័ន្ធច្បាប់ និងយុត្តិធម៌ ដូចដែលមានចែង ក្នុងយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤៕