(ភ្នំពេញ)​៖​ មន្ត្រី​កាំកុងត្រូល​សាខាអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ដឹកនាំដោយលោក ទិត្យ សុខហ៊ីម និងមន្រ្តីរួមមាន៖ លោក ចាន់ ភាហឿន, លោក កែវ សុភា, លោកស្រី ឃួន សុធា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨នេះ ​សហការជាមួយមន្រី្តមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យគុណភាព​ សុវត្ថិភាព​ ផលិតផលទំនិញ​ និងម្ហូបអាហារ​ នៅតាមម៉ាត និងផ្ទះមួយចំនួន នៅតាមបណ្តោយផ្លូវសហពន្ធរុស្សី ក្នុងខណ្ឌពោធិ៍សែនជ័យ ដូចជា៖ ផ្សារ បាលីម៉ាត (Bali Mart), ផ្សារ Apple Mart និងផ្ទះលក់ទំនិញមួយចំនួនទៀត។

ជាលទ្ធផល មន្ត្រីយើងពុំបានរកឃើញទំនិញ ឬម្ហូបអាហារខូចគុណភាព ឬមានលាយសារធាតុគីមី ដែលនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ឡើយ។ ជាមួយគ្នានេះ មន្ត្រីកាំកុងត្រូលក៏បានអប់រំផ្សព្វផ្សាយអំពី​ សុវត្ថិភាពម្ហូបអាហារ, ការរក្សាទុកទំនិញ​ឲ្យបានត្រឹមត្រូវ និងយល់ដឹងអំពីការទទួលខុសត្រូវចំពោះច្បាប់​ លើផលិតផល​ទំនិញ​ ម្ហូបអាហារ​ របស់ខ្លួន​ដែលបានដាក់លក់នាឱកានោះផងដែរ។

នាឱកាសនោះ លោក ទិត្យ សុខហ៊ីម អនុប្រធានប៉ុស្តិ៍សាខាកាំកុងត្រូលអាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បានឲ្យដឹងថា ក្នុងគោលបំណង​ធានានូវសុខុមាលភាព​ការពារផល​ប្រយោជន៍​ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ កម្លាំងជំនាញកាំកុងត្រូលរបស់លោកបានចុះអង្កេតតាមស្តង់ ដេប៉ូចែកចាយធំៗ ក្រែងមាន​​អាជីវករខ្លះបញ្ចេញផលិតផលទំនិញ​ ដែលហួសកាលបរិច្ឆេទ​លក់ទៅឲ្យពលរដ្ឋ។

លោកបានបន្តថា នៅក្នុងប្រតិបត្តិការនេះ ជាលទ្ធផលក្រុមការងារ រកពុំឃើញមានទំនិញ​ខូចគុណភាព ទំនិញហាមឃាត់ ទឹកភេសជ្ជៈហួសកាលបរិច្ឆេទនោះទេ ព្រោះថា ក្រុមអាជីវករកាន់តែមានការយល់ដឹងពីសុខភាព ចំណីអាហារខ្ពស់នាពេលបច្ចុប្បន្ននេះ។

លោកក៏បានធ្វើការណែនាំដេប៉ូចែកចាយ ​ស្តង់ និងតូចលក់ទំនិញធំៗទាំងអស់ ​ត្រូវចេះត្រួតពិនិត្យទំនិញដោយខ្លួនឯង ចំពោះកាលបរិច្ឆេទ​ នៃទំនិញនិងហាមដាក់​តាំងលក់​ទំនិញ ដែលហួសកាលបរិច្ឆេទប្រើប្រាស់នេះផងដែរ៕