(ភ្នំពេញ)៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានសហកាជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បើកប្រតិបត្តិការដេញតាមបង្ក្រាបក្រុមចោរគាស់ផ្ទះ ដ៏សកម្មនៅក្នុងរាជធានីភ្នំពេញ បានចំនួន២នាក់ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខព្រលានយន្តហោះ អន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ លោក សើន កែវវណ្ណធី មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ យឺន​ រ៉ាដូ​ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់បាយ​ ស្នាក់នៅបន្ទប់ជួលភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ និងជនសង្ស័យទី២ ឈ្មោះ យ៉ុង​ ចិត្រា​ ភេទប្រុស អាយុ២៨ឆ្នាំ។ រីឯជនរងគ្រោះឈ្មោះ ជៃ ពិសិដ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរបុគ្គលិកធនាគាប្រៃសណីយ៍ មានទីលំនៅផ្ទះលេខ 135C ផ្លូវបេតុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។

វត្ថុតាងដែលបានដកហូត រួមមាន៖ ម៉ូតូ១គ្រឿងម៉ាក Let ពណ៌សលាយក្រហមសេរ៊ីឆ្នាំ២០១៨ ស្លាកលេខភ្នំពេញ 1GR.6750, ដែកស្រួចសម្រាប់ឆ្កឹះសោរ១, ប្រអប់ពណ៌ក្រហម១, ទុលវីស១, ព្រមទាំងកាបូបតូចរបស់ជនរងគ្រោះចំនួន៤ មានប្រាក់ចំនួន៤១៩ដុល្លារអាមេរិក និងប្រាក់ខ្មែរចំនួន៥៦៤,៤០០រៀល, អត្តសញ្ញាណបណ្ណ១, បណ្ណបើកបរ១, និងកាត ATM១។

លោក សើន កែវវណ្ណធី បានបន្តថា ជនសង្ស័យបានសារភាពថា នៅវេលាម៉ោងប្រហែល០៣៖០០នាទី ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះ ត្រា អាយុប្រហែលជាម្ភៃឆ្នាំ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋ នៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យបានសម្រេច និងបានយកបានសម្ភារមួយចំនួនខាងលើ រួចដាក់ក្នុងកែបម៉ូតូ ជិះគេចខ្លួនតាមបណ្តោយផ្លូវសហពន្ធ័រុស្សី។ ភ្លាមៗនោះ ក៏មានប្រជាពលរដ្ឋ ជិះម៉ូតូដេញតាមពីក្រោយស្រែកថាចោរៗ។ ដោយឈ្មោះ ត្រា ភ័យពេកក៏បើកម៉ូតូទាក់ដៃចង្កូតម៉ូតូ ជាមួយអ្នកដំណើរតាមផ្លូវ ហើយខ្លួនបានព្យាយាមរត់ និងលោតចូលប្រឡាយទឹក ក៏ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ដេញចាប់បានតែម្តង។ ដោយឡែកឈ្មោះត្រា រត់គេចខ្លួនរួច។ 

បើតាមលោក សើន កែវណ្ណធី មុនពេលកើតហេតុស្រ្តី ដែលជាប្រពន្ធជនរងគ្រោះ បានទៅផ្ទះប្រធានភូមិដើម្បីធ្វើសៀវភៅស្នាក់នៅ​ ហើយក៏មានអ្នកជិតខាងទូរស័ព្ទប្រាប់ថា មានចោចូលគាស់ផ្ទះ។ ពេលនោះគាត់ក៏ប្រញាប់ត្រឡប់មកផ្ទះវិញ​ ហើយពួកចោរបានចេញផុតបាត់​ ហើយស្រ្តីជាប្រពន្ធរងគ្រោះ បានជិះមកតាមក្រោយ ក៏បានឃើញកម្លាំងអាវុធហត្ថ ឃាត់បានជនសង្ស័យម្នាក់ និងជនសង្ស័យម្នាក់ទៀតបានរត់គេចខ្លួន។ 

​មេបញ្ជាការរងកងរាជអាវុធហត្ថ បានបញ្ជាក់ថា បន្ទាប់ពីស្តាប់និងសួរចម្លើយ ជនសង្ស័យទាំងពីរនាក់ខាងលើ​ និងយោងតាមកំណត់ហេតុទទួលបណ្តឹងពីជនរងគ្រោះ​ ឃើញថា ជនសង្ស័យទាំង២នាក់ ពិតជាបានធ្វើសកម្មភាពគាស់ផ្ទះ និងយកបានសម្ភារដូចខាងលើពិតប្រាកដមែន។ សមត្ថកិច្ចបានប្រគល់សម្ភារ និងថវិកាដែលជារបស់ជនរង
គ្រោះជូនទៅជនរងគ្រោះវិញផងដែរ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់ ផ្នែកការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕