(ក្រចេះ)៖ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បាន​ជម្រុញឲ្យកងកម្លាំងនគរបាល​នៃវរៈការពារព្រំដែនទាំអស់ បន្តការយកចិត្តទុកដាក់សហការ​ជាមួយ កម្លាំងយោធាព្រំដែន ក្នុងកិច្ចការងារការពារលើសន្តិសុខ និងទប់ស្កាត់បង្រ្កាបបទសល្មើសនៅតាមព្រំដែន ឲ្យ​កាន់តែទទួលលទ្ធផលល្អបន្ថែមទៀត ពិសេសក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ត្រូវបង្កើនការពារផងដែរ។

ថ្លែងបែបនេះត្រូវបានធ្វើឡើង ក្នុងកិច្ចសំណេះសំណាលរបស់លោកឧត្តមសេនីយ៍ស្នងការ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ ជាមួយ​កម្លាំងនគរបាលវរៈការពារព្រំដែនគោកលេខ​៦១៩ ចំណុះឲ្យស្នងការដ្ឋា​នគរបាលខេត្តក្រចេះ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ និងបានផ្តល់ជូនថវិកា​ចំនួន៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនធំទៀត ជូនដល់អង្គភាពនគរបាលវរការពារព្រំដែន។

លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានសម្តែងនូវការកោតសរសើរដល់​កងកម្លាំងនគរបាលវរៈការពារព្រំដែនទាំងអស់ ដែលបានយកចិត្តទុកដាក់ ក្នុងការខិតខំ​បំពេញភារកិច្ចជាកងកម្លាំង ក្នុងកាតព្វកិច្ចការងារព្រំដែន ក្នុងកិច្ចការងារសហការជាមួយនគរបាលការពារព្រំដែនភាគីវៀតណាម បានធ្វើឲ្យព្រំដែនខេត្តទាំងពីរ ទទួលបាននូវសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន បានយ៉ាងល្អប្រសើរ មិន​មានអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

​បន្ថែមពីនេះ លោកស្នងការ ក៏បាន​នាំនូវការសួរ​សុខទុក្ខពីសំណាក់​ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការ​នគរបាលជាតិ ក៏ដូចជា​អភិបាលខេត្ត​ ដល់នាយនាយរងនគរបាលវរៈការពារ ព្រំដែនក្នុងឱកាសពិធី​បុណ្យភ្ជុំបិណ្ឌ និងក៏បាននាំយកថវិកា​របស់ នាយឧត្តមសេនីយ៍អគ្គស្នងការ មានចំនួន៥លានរៀល ចែកជូនដល់កងកម្លាំងនគរបាល​ជាង៨០រូប ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគ រួមមាន អង្ក២តោន មី ត្រី ខ ទឹកត្រី ទឹកស៊ីអ៊ីវ នំក្រឡាន១០០ដើម ព្រម​ទាំងគ្រឿងបរិភោគមួយចំនួនធំទៀត ទៅចែកជូនផងដែរ៕