(ភ្នំពេញ)៖ នគបាលខណ្ឌដង្កោបានឱ្យដឹងថា នៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨ លោក កុល បុន ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែងជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធករណីយកម៉ូតូមិត្តភក្តិទៅបញ្ចាំ ដើម្បីបន្តផ្សងសំណាង ប៉ុន្តែបែរជាគ្មានសំណាងត្រូវម្ចាស់ម៉ូតូចាប់បាន។

លើករណីនេះ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច ជនសង្ស័យមានឈ្មោះ កែវ ចាន់សីហា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅផ្ទះលេខ៣១ ផ្លូវបេតុងលេខ០២ បុរីឡាយគង់ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនរងគ្រោះឈ្មោះ រស់ ស្រីពេជ្រ ភេទស្រី អាយុ២៧ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ០៤ ផ្លូវបេតុងលេខ០២ បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវបាន សមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្តយកម៉ូតូជនរងគ្រោះ ម៉ាកសេ១២៥ ស៊េរី ឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FW-8357 ទៅបញ្ចាំប្រព្រឹត្តនៅចំណុចផ្ទះលេខ០៤ ផ្លូវបេតុងលេខ០២ បុរីឡាយគង់ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨៕