(ភ្នំពេញ)៖ លោក គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានថ្លែងថា ដើម្បីឲ្យខ្សែសង្វាក់ផលិកកម្មរបស់ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើងនោះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ប្ដេជ្ញាបន្ដលើកទឹកចិត្ដដល់ម្ចាស់សហគ្រិនកម្ពុជា ឲ្យបង្កើត ឬចងក្រងជាបណ្ដុំមួយ ដើម្បីងាយស្រួលគ្រប់គ្រង និងដោះស្រាយរាល់បញ្ហាដែលកើតមានឡើង ។

លោកបន្ដថា បច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យមកម្ពុជា នៅមិនទាន់មានដំណោះស្រាយណាមួយសមស្រប ដើម្បីបង្កើនផលិតភាពនៅឡើយទេ ខណៈ SME នៅកម្ពុជាកំពុងតែប្រឈម នឹងការចំណាយថ្លៃដើមខ្ពស់ក្នុងការផលិត ។ដូចនេះត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ដូចជា ពីវិស័យឯកជន ពិសេសពីវិស័យ SMEs ផ្ទាល់តែម្ដង ព្រោះកាលណាដែលមានការគ្រប់គ្រងបានត្រឹមត្រូវ នោះ វានឹងអាចជួយបានច្រើនក្នុងការផ្ដល់ការងារជូនដល់ប្រជាពលរដ្ឋ និងកំនើនសេដ្ឋកិច្ចរបស់កម្ពុជា ។

លោកថ្លែងយ៉ាងដូច្នេះ ក្នុងសិក្ខាសាលា ស្ដីពី ការអភិវឌ្ឍន៍ចង្កោមសហគ្រាសធុនតូច និងមធ្យម នៅសណ្ឋាគារ ហ៊ីម៉ាវារី នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ ដែលរៀបចំដោយ ក្រុមហ៊ុន វើលដ៏ប្រ៊ីដ អ៊ិនធើណេសិនណល (ខេមបូឌា) ។

លោក គឹម ទូច ថ្លែងបន្ដថា «SMEs មានសារៈសំខាន់ណាស់ នៅក្នុងប្រទេសនីមួយៗ ជាក់ស្ដែង វិស័យ SMEs កម្ពុជា បានជួយផ្ដល់ការងារប្រមាណ ពី៤០ទៅ៥០ភាគរយ នៃចំនួនអ្នកមានការងារសរុបនៅកម្ពុជា ។ដូច្នេះវាបានផ្ដល់នូវប្រយោជន៍ខ្ពស់ សម្រាប់សេដ្ឋកិច្ចជាតិ » ។

ទន្ទឹងនឹងនោះ លោក តែ តាំងប៉រ ប្រធានសហព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ គេមើលឃើញថា សហគ្រាសក្នុងវិស័យ SMEs ភាគច្រើននៅរប៉ាត់រប៉ាយ ជាលក្ខណៈតាមផ្ទះ និងនៅដាច់ឆ្ងាយពីគ្នា ដូចនេះក្នុងនាមជាប្រធានសហព័ន្ធសមាគមសហគ្រាសខ្នាតតូច និងមធ្យមកម្ពុជា ចង់ឲ្យសហគ្រាសទាំងអស់ ចងក្រងជាបណ្ដុំមួយ ដើម្បីងាយស្រួលក្នុងការដោះស្រាយជូន ជាក់ស្ដែងដូចជាតម្លៃភ្លើង តម្លៃទឹក -ល- ព្រោះបើសិនជាពួកគាត់មកចូលរួមក្នុងបណ្ដុំតែមួយ នោះការស្នើសុំទៅរាជរដ្ឋាភិបាល ដើម្បីបញ្ចុះតម្លៃទឹកភ្លើងសម្រាប់ SMEs នឹងមានប្រសិទ្ធភាពជាង ការនៅដាច់ដោយឡែក ។

លោកបន្តថា ការចង់ក្រងជាបណ្ដុំសហគ្រាសនេះដែរ ក៏អាចជួយបង្កើនគុណភាពក្នុងការផលិតរបស់ម្ចាស់សហគ្រាស ព្រោះធម្មតា នៅពេលចងក្រងជាបណ្ដុំនៅកន្លែងតែមួយ វាប្រាកដណាស់ នឹងមានអ្នកគ្រប់គ្រងច្បាស់លាស់ ហើយបើសិនជាម្ចាស់សហគ្រាសនោះ មានបញ្ហា អ្នកគ្រប់គ្រងនឹងដោះស្រាយជូន ទៅតាមបញ្ហាជាក់ស្ដែង ។

ព្រមជាមួយគ្នានោះ លោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីដ និងជាអ្នកផ្ដួចផ្ដើមឲ្យមានការចងក្រងបណ្ដុំ SME នៅកម្ពុជា បានថ្លែងផងដែរថា «ដោយសារតែក្រុមហ៊ុន របស់ខ្ញុំមានចក្ខុវិស័យស្របគ្នា នឹងស៊ីសង្វាក់ជាមួយរាជរដ្ឋាភិបាល លើគោលនយោបាយ និងទិសដៅអភិវឌ្ឍន៍ចង្កោមសហគ្រាសធុនតូច និងមធ្យម ទើបក្រុមការងារ ដែលមានសមត្ថភាព បានពិគ្រោះយោបល់ពីអាទិភាព និងលទ្ធភាព ក្នុងការអភិវឌ្ឍន៍ផែនការមួយនេះ ឲ្យកាន់តែមានសក្ដានុពល និងមានការទទួលខុសត្រូវ និងមានការចូលរួមទ្រទ្រង់ជាលក្ខណៈស្តង់ដារអន្តរជាតិ» ។

លោកឧកញ៉ាបន្ដថា «ដើម្បីឲ្យការចងក្រងជាបណ្ដុំ SMEនៅកម្ពុជា កាន់តែមានប្រសិទ្ធភាព យើងក៏បានចុះហត្ថលេខារួចរាល់ហើយជាមួយស្ថាប័នអន្តរជាតិធំពីរ គឺ អង្គការ UNDP និងអង្គការ UNIDO ដើម្បីឲ្យប្រាកដថា អ្វីដែលពួកយើងធ្វើ នឹងទទួលបានប្រយោជន៍ខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់»។ ដូចនេះ តាមរយៈគោលនយោបាយ និងទិសដៅអភិវឌ្ឍន៍ចង្កោមសហគ្រាសធុនតូច និងមធ្យម ក្រុមហ៊ុនវើលដ៏ប្រ៊ីដ បាននឹងកំពុងដំណើរការគម្រោងធំៗបី ដូចជាគម្រោងលំនៅឋានតម្លៃសមរម្យ ដែល នឹងសហការសិក្សារៀបចំឲ្យមានជម្រើសច្នៃប្រឌិតបន្ថែម ក្នុងការផ្ដល់ហិរញ្ញប្បទានសមស្របមួយ សម្រាប់អតិថិជន ។

គម្រោងទី២ គឺ គម្រោងគ្រប់គ្រងកង រថយន្តដឹកជញ្ជូនបៃតង ដែលគម្រោងនេះ នឹងជួយដោះស្រាយនូវបញ្ហាក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា ។ចំណែកគម្រោងទី៣ គឺគម្រោងបណ្ដុំសហគ្រាសធុនតូច និងមធ្យម ដែលជំរុញឲ្យមានការអភិវឌ្ឍន៍ប្រកបដោយភាពច្នៃប្រឌិត សម្រាប់ SME ក្នុងបំណងបង្កើតនូវប្រព័ន្ធអេកូផលិតកម្ម តាមរយៈការបង្កើតអោយមានកម្មវិធី ស្រាវជ្រាវ អភិវឌ្ឍន៍ និងបណ្ដុះបណ្ដាលជំនាញដែលអាចប្រែក្លាយសហគ្រាសធុនតូច និងមធ្យមទាំងឡាយឲ្យទៅជា ចលករដ៏សំខាន់មួយ សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចប្រទេសកម្ពុជា ។

សូមជម្រាបថា យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានឲ្យដឹងថា ការចុះបញ្ជីរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា មានចំនួន ជាង៥១ម៉ឺនហើយ នឹងមានជាបន្ដបន្ទាប់ទៀត ហើយក្នុងនោះ គឺមានការគ្រប់គ្រង ពី១៨ក្រសួងស្ថាប័នផងដែរ ៕