(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ និង​លោក ម៉ៃ ម៉ុន ប្រធានក្រុមប្រឹក្សាខណ្ឌ រួមជាមួយគណៈគ្រប់គ្រងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជើងឯក នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០​១៨នេះ បានដឹកនាំមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ យុវជន និងប្រជាពលរដ្ឋ​ធ្វើពិធីសូត្រមន្ត រាប់បាត្រ ព្រះសង្ឃ២៦អង្គ មកពីវត្តទាំង២៦ ក្នុងខណ្ឌដង្កោ ដើម្បីឧទ្ទិសកុសលដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកអភិបាលខណ្ឌ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខណ្ឌដង្កោ តែងរៀបចំពិធីបង្សុកូល រាប់បាត្រឧទ្ទិសកុសលផលបុណ្យ ដល់ជនរងគ្រោះ ដែលបាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ នៅមុនពេលពិធីបុណ្យចូលឆ្នាំខ្មែរ និងមុនពេលពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទ្ទិសដល់បងប្អូនទាំងអស់។

បើតាមលោក នុត ពុធដារ៉ា អ្នកខ្លះស្លាប់ទៅដោយពុំមានក្រុមគ្រួសារដើម្បីធ្វើពិធីបុណ្យឲ្យ អ្នកខ្លះក៏បានបាត់បង់ជីវិតទាំងគ្រួសារតែម្តង ហើយការឧទ្ទិសនៅថ្ងៃនេះ គឺឧទ្ទិសដល់អ្នកបាត់បង់ជីវិតជាង​២ម៉ឺននាក់ នៅក្នុងមជ្ឈមណ្ឌលឧក្រិដ្ឋកម្មជើងឯកនេះ និងក៏ឧទ្ទិសដល់អ្នកដែលបាត់បង់ជីវិតរាប់លានអ្នក នៅទូទាំងប្រទេស៕