(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រុមហ៊ុន Smart Axiata នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារយៈពេលបីឆ្នាំ ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យ និងអ្នកដឹកនាំអាជីវកម្មឌីជីថលពេលអនាគត។

ក្រុមហ៊ុន Smart មានបំណងធ្វើជាដៃគូជាមួយក្រសួងទាំងពីរ ក្នុងការអភិវឌ្ឍបុគ្គលដែលមានទេពកោសល្យ និងប៉ិនប្រសប់ ដែលចង់ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច របស់កម្ពុជា នៅក្នុងយុគសម័យឌីជីថលថ្មីនេះ។ ផ្នែកមួយនៃអនុស្សរណៈ នៃការយោគយល់គ្នានេះ ក្រុមហ៊ុន Smart បានប្តេជ្ញាវិនិយោគទឹកប្រាក់ចំនួន ១,៥លានដុល្លារ ទៅក្នុងកម្មវិធីចំនួនពីរ រួមមានកម្មវិធីអាហារូបករណ៍ SmartEdu និងកម្មវិធីអភិវឌ្ឍនិស្សិតសាលកវិទ្យាល័យ SmartEdu (USDP) ។មួយផ្នែកនៃការវិនិយោគនេះ គឺបានមកពីវិភាគទានរបស់ក្រុមហ៊ុន Smart សម្រាប់មូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRDF)។

លោក​បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា «ស្របពេលដែលយើងកំពុងបោះជំហានចូល ក្នុងបដិវត្តន៍ឧស្សាហកម្មដំណាក់កាលទី៤ ដូចច្នេះ ផ្នត់គំនិត និងការយល់ដឹងបែបឌីជីថល មានសារៈសំខាន់ក្នុងការអភិវឌ្ឍកម្ពុជា ឲ្យក្លាយទៅជាសង្គម ដែលផ្អែកលើចំណេះដឹង។ ក្រុមហ៊ុន Smart នៅតែជាដៃគូអភិវឌ្ឍន៍ដ៏រឹងមាំ ដែលបានដាក់ចេញនូវគំនិតផ្តួចផ្តើម ផ្នែកអប់រំ និងនវានុវត្តន៍បច្ចេកវិទ្យាផ្សេងៗ ដូចជាកម្មវិធីអាហារូបករណ៍ SmartEdu និង SmartStart Young Innovator Program»

លោកបណ្ឌិតថ្លែងបញ្ជាក់ទៀតថា «ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះក្រមខ័ណ្ឌកម្មវិធីសិក្សាដ៏ទូលំទូលាយរបស់ USDP ដែលមិនត្រឹមតែផ្តល់ចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តជំរុញឲ្យមាន ការរៀនសូត្រដោយអនុវត្តជាក់ស្ដែង ថែមទៀតផង»

និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៣០នាក់ បាននឹងទទួលអត្ថប្រយោជន៍ពីកម្មវិធីអាហារូបករណ៍ SmartEdu ដែលបានបង្កើតឡើងនៅឆ្នាំ២០១៦ ដោយផ្តោតលើសិស្សបញ្ចប់ថ្នាក់ទី១២ ដែលទួលបានលទ្ធផលសិក្សាល្អ ប៉ុន្តែជួបការលំបាកផ្នែកហិរញ្ញវត្ថុ។ នៅឆ្នាំនេះ កម្មវិធីនេះត្រូវបានពង្រឹងបន្ថែម តាមរយៈការបញ្ចូលកម្មវិធី Discovery Day ដែលជាសិក្ខាសាលាអភិវឌ្ឍន៍ ដែលមានរយៈពេលកន្លះថ្ងៃ សម្រាប់សិស្សវិទ្យាល័យ និងកម្មវិធីស្វាគមន៍និស្សិតថ្មី (Induction Camp) សម្រាប់និស្សិតអាហារូបករណ៍ចំនួន២០នាក់ ដែលនឹងត្រូវជ្រើសរើសក្នុងឆ្នាំនេះ។

លោកបណ្ឌិត សារ៉ាក់ ខាន់ រដ្ឋលេខាធិកាប្រចាំការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទូរគមនាគមន៍ បានថ្លែងផងដែរថា «ស្របតាមយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នឹងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការស្វែងរកវិធានការថ្មី ដើម្បីអភិវឌ្ឍអ្នកមានទេពកោសល្យផ្នែក បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ នៅកម្ពុជា។ យើងមានក្តីរំភើប ដែលមូលនិធិកសាងសមត្ថភាព ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (CBRD) ត្រូវបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព ដោយក្រុមហ៊ុន Smart និងដៃគូរបស់ខ្លួនដើម្បីពង្រីកកម្មវិធី SmartEdu ឲ្យមានវិសាលភាពគ្របដណ្តប់ លើកម្មវិធីអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំ ដោយផ្ដោតលើផ្នែកឌីជីថល»

ក្នុងអំឡុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុន Smart Axiata ក៏បានសម្ពោធជាផ្លូវការ នូវកម្មវិធីអភិវឌ្ឍនិស្សិតសាកលវិទ្យាល័យ (USDP) ដែលយកលំនាំតាមកម្មវិធី Axiata អ្នកមានទេពកោសល្យវ័យក្មេង (Axiata Young Talent Program) ដ៏មានជោគជ័យក្នុងប្រទេសម៉ាឡេស៊ី។

ក្រោមកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ និស្សិតពូកែចំនួន៤៨នាក់នៅកម្ពុជា នឹងចូលរួមក្នុង កម្មវិធីហ្វឹកហាត់ Bootcamp ដោយមានការស្នាក់នៅសណ្ឋាគាររយៈពេល ១៣ ថ្ងៃ ដែលផ្ដល់ឱកាសដល់និស្សិតចូលរួមនូវការអភិវឌ្ឍផ្នែកទ្រឹស្ដី ផ្នែកពិសោធន៍ ការអភិវឌ្ឍបុគ្គល និងទំនាក់ទំនង តាមរយៈសិក្ខាសាលា ការធ្វើពិសោធន៏អាជីវកម្ម ក៏ដូចជាការបង្ហាត់បង្រៀន ដែលផ្តោតលើវិស័យផ្សេងៗ។ ក្រុមដែលឈ្នះនឹងទទួលបានជាប្រាក់រង្វាន់ ហើយសម្រាប់និស្សិត ដែលបានធ្វើល្អបំផុតចំនួន៥នាក់ នឹងទទួលបានការចុះកម្មសិក្សារយៈពេល២ខែ ជាមួយប្រាក់ឧបត្ថម្ភនៅក្រុមហ៊ុនរបស់ Axiata នៅប្រទេសម៉ាឡេស៊ី។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិ Smart Axiata បានពន្យល់ថា អនុស្សារណៈនៃការយោគយល់គ្នា និងកម្មវិធីអភិវឌ្ឍន៍និស្សិតសលកវិទ្យាល័យ (USDP) គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ ក្រុមហ៊ុន Smart ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចម្រើន តាមរយៈការអប់រំ និងនវានុវត្តន៍ ដោយសហការជាដៃគូ ជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។

លោក ថូម៉ាស ថ្លែងទៀតថា ការបណ្ដុះអ្នកមានទេពកោសល្យ ទាំងបុគ្គលិក និងមិនមែនបុគ្គលិករបស់យើង គឺជាផ្នែកមួយដ៏សំខាន់នៃទស្សនវិជ្ជាអាជីវកម្មរបស់ក្រុមហ៊ុន Smart។ កម្មវិធីអភិវឌ្ឍន៍និស្សិតសាកលវិទ្យាល័យ (USDP) ជាកម្មវិធីដ៍ពិសេសមួយ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្ដល់ជំនាញសំខាន់ៗផ្នែកអាជីវកម្ម ដល់និស្សិតកម្ពុជា ក្នុងយុគសម័យឌីជីថល ប្រកបដោយការប្រកួតប្រជែងនេះ។ កម្មវិធីអនុវត្តប្រចាំឆ្នាំនេះ ជាកម្មវិធីដ៍សំខាន់ និងគួឲ្យរំភើបមួយ ហើយខ្ញុំជឿថា កម្មវិធីនេះនឹងជួយអភិវឌ្ឍអ្នកដឹកនាំ និងនាយកប្រតិបត្តិ ក្នុងវិស័យឌីជីថលទៅថ្ងៃអនាគត ។

និស្សិតសកលវិទ្យាល័យ អាចដាក់ពាក្យសុំចូលរួមក្នុងកម្មវិធីអភិវឌ្ឍន៍និស្សិតសកលវិទ្យាល័យ USDP ឲ្យបានមុនថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ខណៈដែលការដាក់ពាក្យ សម្រាប់កម្មវិធីអាហារូបករណ៍បន្ទាប់ នឹងត្រូវបិទនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ នេះហើយ។

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/Smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smartedu.com.kh៕