(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក-លោកស្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល មន្ត្រីរាជការក្រសួង នាព្រឹកថ្ងៃអង្គារ ៨រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០១៨នេះ បានមូលមតិគ្នាជាឯកច្ឆ័ន ប្រារព្ធពិធីបុណ្យកាន់បិណ្ឌ វេនទី៨ នៅវត្តមង្គលសិរីគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើង ដើម្បីវេរចង្ហាន់ គ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនព្រះសង្ឃ ឧទ្ទិសមគ្គផលជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយ មានមាតា បិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តាន ដែលបានបែកកាយរំលាយក្ខន្ធ ហើយមួយចំណែកទៀតឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារី ដែលបានបូជាជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ សូមអំណាចផល្លានិសង្ឃ ដែលកើតឡើងអំពីពិធីបុណ្យនេះ ជួយយិតយោងដួងវិញ្ញាណក្ខន្ធអស់លោកទាំងអស់នោះ ឲ្យបានសោយសុខក្នុងសុគតិភព ជាភិយ្យោ ភាពតរៀងទៅ៕