(ពោធិ៍សាត់)៖ បុរសល្មោភកាមម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយទទួលពាក្យបណ្តឹងពីក្រុមគ្រួសារនារីរងគ្រោះ​ករណីរំលោភសេពសន្ថវៈ និងប្រទូស្តកេរ្តិ៍ ទៅលើកូនស្រីចុងរបស់ខ្លួន។

លោក ឯម ​រុន​ អធិការរងនគរបាលស្រុកក្រគរ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឱ្យដឹងថា ករណីបុរសជាឪពុករំលោភកូនចុងរបស់ខ្លួននេះ បានកើតឡើងកាលពីវេលា ម៉ោង០២​៖២០នាទីរសៀល​នាថ្ងៃទី០១​ ខែតុលា ​ឆ្នាំ២០១៨​ នៅចំណុចចំការល្ង ឯភ្នំខ្នងចេក​ស្ថិតក្នុងភូមិខ្សាច់ល្អិត ឃុំអន្សាចំបក់ ស្រុកក្រគរ​ខេត្តពោធិ៍សាត់។

ជនសង្ស័យមានឈ្មោះ ចេន អង់ អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ ​(ឪពុកចុង) បានចាប់ឱប និងបៀតបៀនកេរ្តិ៍ភេទ ទៅលើកូនស្រីចុងរបស់ខ្លួន ឈ្មោះ ទ.ស.ណ អាយុ១៧ឆ្នាំ ដែលមានម្តាយឈ្មោះ​សាញ់ គឹមហៀង អាយុ៣៨ឆ្នាំ មានកូនស្រី០៥នាក់ កូនប្ដី០១នាក់។​ទាំងជនសង្ស័យ និងគ្រួសារជនរងគ្រោះ​រស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីរបស់នារីរងគ្រោះ បាននិយាយប្រាប់សមត្ថកិច្ចថា នៅថ្ងៃកើតហេតុខាងលើ វេលាម៉ោង១៖០០នាទីរសៀល ឪពុកចុងរបស់ខ្លូនឈ្មោះ​ ចេន អង់ បានបបួលខ្លួនទៅមើលចំការល្ង ឯភ្នំខ្នងចេក ដោយជិះម៉ូតូតែពីរនាក់ ពេលទៅដល់គាត់មិនបានមើលចំការទេដោយនាំខ្លួនឡើង ទៅលើភ្នំថា ទៅរកថ្នាំ​ហើយចុះមកដល់ជើងភ្នំ ក៏នាំគ្នាផឹកទឹកអូរពេលនោះ ឪពុកចុងបានចាប់ខ្លួនរំលោភបានសម្រេច១ដង ទោះខ្លួនស្រែកអង្វរ យ៉ាងណាក៏ដោយ ពេលរំលោភរួចគាត់បានដឹកខ្លួនមកផ្ទះហើយឱ្យលុយចំនួន៣ម៉ឺនរៀល​កុំឱ្យនិយាយប្រាប់ម្តាយ និងសាច់ញាតិ។

ក្រោយការចាប់ឃាតខ្លួន នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើ បានឆ្លើយសារភាពថា នៅថ្ងៃទី០១​ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១២​ និង៣០នាទី ខ្លួនបានទៅមើលចំការ​នៅចំណុចខ្នងចេក​ជាមួយកូនចុងឈ្មោះ ទ.ស.ណ ដោយជិះម៉ូតូ ពេលទៅដល់ខាងលិចចំការរបស់ខ្លួន ចម្ងាយ១០០ម៉ែត្រ​ខ្លួនបានចាប់ឈ្មោះ​ទ.ស.ណ​ឱបថើបតែមិនបានរំលោភទេ៕