(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ​ជួន ​សុវណ្ណ ​អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​តំណាងនាយឧត្តមសេនីយ៍​ កែ ​គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខជាមួយគ្រួសារសព លោក​ នៃ ​ប៉េណា ​អនុប្រធានទី១​ ព្រឹទ្ធសភា។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ សូមសម្ដែងនូវការសោកស្ដាយ និងក្ដុកក្ដួលរំជួលចិត្តឥតឧបមារកអ្វីប្រៀបផ្ទឹមពុំបានចំពោះមរណភាព របស់លោក នៃ ប៉េណា ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣៖០០នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

ប្រតិភូទាំងអស់ បានសំដែងនូវសម្មានចិត្ត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពយ៉ាងក្រៀមក្រំ និងសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ថ្នាក់ដឹកនាំព្រឹទ្ធសភាមួយរូប ដែលក្នុងមួយជីវិត លោកបានធ្វើពលិកម្មគ្រប់បែបយ៉ាង និងចូលរួម ដោយផ្ទាល់ក្នុងការគាំទ្រដល់ចលនាតស៊ូ ស្នេហាជាតិគ្រប់សម័យកាល ពិសេសចលនាតស៊ូរំដោះជាតិ ប្រឆាំងនឹងរបប ប៉ុល ពត។

ការរស់នៅក្នុងសង្គម លោក នៃ ប៉េណា តែងតែប្រាស្រ័យទាក់ទងល្អ ជាមួយនឹងបងប្អូនញាតិមិត្តជិតខាង ប្រកបដោយចិត្តសប្បុរស និងចួលរួមរំលែកទុក្ខនៅពេលបងប្អូនណាជួបការលំបាក និងឧបត្ថម្ភដល់អ្នកជិតខាងដែលជួបការលំបាក និងគ្រោះភ័យ។ ចួលរួមជាមួយប្រជាពលរដ្ឋបរិច្ចាគធនធានផ្ទាល់ខ្លួន ធ្វើបុណ្យកសាងសមិទ្ធិផលនានាជាច្រើន សម្រាប់បម្រើដល់សង្គមជាតិ ទាំងពុទ្ធចក្រ និងអាណាចក្រ រហូតបានក្លាយជាព្រឹទ្ធធាចារ្យម្នាក់ ដែលត្រូវបានទទួលការគោរពស្រឡាញ់ ពីមជ្ឈដ្ឋានជុំវិញ ពិសេសញាតិមិត្ត អ្នកភូមិក្បែរខាង ដែលធ្វើឲ្យបុត្រធីតា ចៅ ចៅទួត ទាំងអស់ ចងចាំ គោរពស្រឡាញ់ ព្រមទាំងរៀនសួត្រតាម គំរូវីរៈភាព និង នៅក្នុងក្រអៅបេះដូង។

ជាមួយមរណភាពដ៏ក្រៀមក្រំជាទីបំផុតនេះនាយឧត្តមសេនីយ៍ ជួន សុវណ្ណ និងប្រតិភូ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕