(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ដើមខែតុលា ឆ្នាំ២០១៨នេះ កងយោធពលខេមរភូមិន្ទ បានទប់ស្កាត់ និងបង្ក្រាបបទល្មើសផ្សេងៗ នៅតាមព្រំដែន សរុបចំនួន៤,២៣៣លើក ដែលក្នុងនោះ មាននៅព្រំដែនកម្ពុជា-ថៃ ២,០៥៤លើក ព្រំដែនកម្ពុជា-វៀតណាម១,០០៨លើក និងព្រំដែនកម្ពុជា-ឡាវ១,១៧១លើក។ នេះជាការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅលើទំព័រ Facebook នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨។

នាយឧត្តមសេនីយ៍ បានអះអាងទៀតថា នៅក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០១៨ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ប្រមូលផ្ដុំអនុវត្តភារកិច្ច របស់ខ្លួនតាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ និងទី៤ របស់រាជរដ្ឋាភិបាល កម្មវិធីការងារ ផែនការកែទម្រង់កងយោធពលខេមរភូមិន្ទរយៈពេល៥ឆ្នាំ ដោយសម្រេចបាននូវសមិទ្ធិផលការងារធំៗជាបន្តបន្ទាប់។

លោកបានបន្តថា ការអនុវត្តភារកិច្ចការពារប្រជាធិបតេយ្យ បូរណភាពទឹកដី កងយោធពលខេមរភូមិន្ទ បានបន្តពង្រឹងប្រៀប ការពារជាតិលើគ្រប់វិស័យ នៅតាមតំបន់ព្រំដែន ធ្វើល្បាតជាប្រចាំដើម្បីត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងភូមិសាស្ត្រទទួលខុសត្រូវទៅចូលរួមទប់ស្កាត់បទ ល្មើសផ្សេងៗ និងសកម្មភាពឆ្លងដែនខុសច្បាប់ ព្រមទាំងបានបន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាផ្សេងៗ ដែលកើតមានដោយសន្តិវិធី ប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនដែលប្រកបដោយសុខសន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។

ក្រៅពីបញ្ជាក់អំពីការទប់ស្កាត់បទល្មើសតាមព្រំដែន អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានបញ្ជាក់អំពីកិច្ចសហការរវាងកងយោធពលខេមរភូមិន្ទ ជាមួយក្រុមហ៊ុនរុករកអដ្ឋិធាតុវៀតណាម ដើម្បីរុករកអដ្ឋិធាតុទាហានស្ម័គ្រចិត្ត វៀតណាមដែលបាត់បាត់បង់ជីវិតផងដែរ។

លោកបញ្ជាក់ថា «រយៈពេល៣ត្រីមាសនេះ កងយោធពលខេមរភូមិន្ទ ជាមួយក្រុមហ៊ុនរុករកអដ្ឋិធាតុវៀតណាម ដើម្បីរុករកឃើញអដ្ឋិធាតុទាហានវៀតណាមស្ម័គ្រចិត្ត ចំនួន ៥៦៦ធាតុ ក្នុងនោះរកឃើញដោយ យោធភូមិភាគពិសេសចំនួន៥២ធាតុ យុទ្ធភូមិភាគទី១ចំនួន៣៦ធាតុ យោធភូមិភាគទី២ចំនួន២០៧ធាតុ យោធភូមិភាគទី៣ ចំនួន១២២ធាតុ យោធភូមិភាគទី៤ចំនួន៩០ធាតុ និងយោធភូមិភាគទី៥ ចំនួន ៥៩ធាតុ»