(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់កម្ពុជាវិញហើយនៅវេលាម៉ោង៣ និង៤៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ក្រោយបញ្ចប់បេសកកម្មប្រកបដោយជោគជ័យនៅលើទឹកដីសហរដ្ឋាអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញដឹកនាំគណៈប្រតិភូហោះចេញពីប្រទេសកម្ពុជាទៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីចូលរួមកិច្ចប្រជុំទូទៅលើកទី៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។

នៅលើទឹកដីអាមេរិករយៈពេលប៉ុន្មានថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានឡើងថ្លែងសេចក្តីថ្លែងការណ៍នៅទីស្នាក់ការអង្គការសហប្រជាជាតិ ដោយបានលើកបង្ហាញពីវឌ្ឍនភាពរបស់ជាតិកម្ពុជា បញ្ហាបោះឆ្នោត រួមនិងបញ្ហាប្រឈប់របស់ពិភពលោកផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍នោះ សម្តេចនាយករដ្ឋមន្ត្រី បានគូសរំលេចសំខាន់លើបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនាពេលបច្ចុប្បន្ន ត្រូវបានប្រទេសមហាអំណាចមួយចំនួនយកធ្វើជាខែល ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។

ក្រៅពីការថ្លែងនូវសេចក្តីថ្លែងការណ៍ក្នុងនាមជាប្រទេសសមាជិករបស់អង្គការសហប្រជាជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានជួបសំណេះសំណាលទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីនេប៉ាល់, នាយករដ្ឋមន្ត្រីប៊ុលហ្ការី, ក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។

បើទោះបីការបំពេញបេសកកម្មលើទឹកដីអាមេរិកនាពេលនេះ មានសភាពមមាញឹកយ៉ាងណាក្តី តែដោយសារក្តីនឹករលឹកចំពោះបងប្អូនខ្មែរអាមេរិកនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតជួបសំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូនខ្មែរប្រមាណជា ២ពាន់នាក់ទាំងយប់ផងដែរ។ កាយវិការមេដឹកនាំដែលតែងតែយកចិត្តទុកដាក់ចំពោះខ្មែរនៅគ្រប់ទីកន្លែងរបស់សម្តេចតេជោ ទទួលបានការស្វាគមន៍ គោរពស្រឡាញ់ និងគាំទ្រយ៉ាងក្លៀវក្លាពីសំណាក់ខ្មែរនៅអាមេរិកនោះ។

ក្នុងជំនួបនោះសម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញពីការវិវឌ្ឍន៍របស់ជាតិទាំងការងារសេដ្ឋកិច្ច សង្គម និងនយោបាយ។ ជាពិសេសសម្តេចបានរំលឹកពីការតាំងចិត្ត និងគោលនយោបាយអាទិភាពមួយចំនួនរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើន។

ជារួមមកដំណើរបេសកកម្មរបស់សម្តេចតេជោលើដីសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា ជាការលើកកិត្តិនាម និងកិត្តិស័ព្ទរបស់ជាតិនៅលើឆាកអន្តរជាតិ ហើយក៏ត្រូវបានគេចាត់ទុកជាដំណើរមួយដែលនាំមកនូវកិត្តិយស និងមោទនភាពខ្ពស់សម្រាប់ជាតិកម្ពុជាទាំងមូលផងដែរ៕

ខាងក្រោមនេះ ជាអត្ថបទទាក់ទងនឹងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ៖

- សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា សម្ដេចស្តាប់សំឡេងបក្សប្រឆាំង តែត្រូវសមហេតុ​ផល​ (Video inside) 

- សម្ដេចតេជោ ហ៊ុន សែន ប្រាប់ខ្មែរនៅអាមេរិកថា ការតវ៉ា​មិនឲ្យអាមេរិកកបញ្ជូនខ្មែរមកស្រុកវិញ​ ​ព្រោះមិនចង់ឃើញការព្រាត់ប្រាស់ (Video inside)

- ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពេលជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅអាមេរិក (Video inside)

- ទស្សនារូបភាពពីសកម្មភាពបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅអាមេរិកជាង៧០០នាក់ សំដែងមតិគាំទ្រស្វាគមន៍វត្តមានសម្តេចតេជោ ហ៊ុន សែន នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នាបុរីញូវយ៉ក

- សំណើធំៗចំនួន៣ ត្រូវបានសម្តេចតេជោ ដាក់ទៅកាន់អគ្គលេខា UN, សម្តេចសម្រេចឲ្យការិយាល័យសិទ្ធិមនុស្ស UN មានវត្តមាននៅកម្ពុជា២ឆ្នាំទៀត

- កម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០២០

- កម្ពុជាគ្រោងបើកស្ថានទូតនៅប្រទេសប៊ុលហ្ការីឡើងវិញ នៅឆ្នាំ២០១៩

- សម្តេចតេជោ ហ៊ុន សែន និងធុរកិច្ចជនអាមេរិក ចង់ឃើញទំនាក់ទំនងកម្ពុជា-អាមេរិកកាន់តែល្អប្រសើរ ដើម្បីពង្រីកសក្តានុពលវិនិយោគ (Video inside) 

- សម្តេចតេជោ ហ៊ុន សែន រំលឹកថា បើអាមេរិក បើកទិដ្ឋការជូនដល់មន្រ្តីកម្ពុជាដូចដើមឡើងវិញនោះ ការបន្តរុករកអដ្ឋិធាតុទាហានអាមេរិកបាត់ខ្លួននៅកម្ពុជា នឹងបន្តឡើងវិញ (Video inside)

- កម្ពុជា និងនេប៉ាល់ គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈជាច្រើន ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅនេប៉ាល់ចុងឆ្នាំនេះ

- កម្ពុជា និងមូលនិធិ GE ចុះហត្ថលេខា បង្កើនការបណ្តុះបណ្តាល និងកសាងសមត្ថភាពធនធានមនុស្សកម្ពុជា លើបច្ចេកទេសវះកាត់ ក្រោមអធិបតីសម្តេចតេជោ

- TOP NEWS: សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅ UN ថា បញ្ហាសិទ្ធិមនុស្ស ត្រូវបានប្រទេសមហាអំណាចប្រើសម្រាប់ជ្រៀតជ្រែកការងារប្រទេសដទៃ (Video inside)

- TOP NEWS: សម្តេ​ចតេជោ ហ៊ុន សែន ប្រាប់ពិភពលោកថា ប្រទេសប៉ុនប៉ងជ្រៀតជ្រែកកិច្ចការកម្ពុជា នៅតែមើលមិនឃើញគុណភាព និងសុចរិតភាពនៃការបោះឆ្នោតនៅកម្ពុជា (Video inside)

- TOP NEWS: សម្តេចតេជោ​ ហ៊ុន សែន អញ្ជើញដល់កៅអីរបស់កម្ពុជានៅអង្គការសហប្រជាជាតិហើយ ត្រៀមថ្លែងសុន្ទរកថា