(ភ្នំពេញ)៖ មន្ទីរពហុព្យាបាលអន្ដរជាតិខេមា នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ បានបើកសម្ពោធដាក់ឲ្យប្រើប្រាស់ការគ្លីនិកលាងឈាមជាផ្លូវការហើយ ជាមួយនឹងម៉ាស៊ីនយ៉ាងទំនើបមកពីប្រទេសជប៉ុន គុណភាពខ្ពស់ដូចគ្នានឹងនៅប្រទេសសិង្ហបូរី និងនៅបស្ចឹមប្រទេសដែរ។

លោកវេជ្ជបណ្ឌិត អ៊ុ​ សុភាព​ នាយកមន្ទីរពហុព្យាបាលអន្តរជាតិខេមា បានថ្លែងថា «គ្លីនិកលាងឈាមខេមា​ នឹងចូលរួមលើកកម្ពស់គុណភាព​ និងស្តង់ដារលាងឈាមនៅកម្ពុជាយើង ឲ្យស្មើនឹងកន្លែងលាងឈាមនានានៅក្នុងតំបន់​ និងអន្តរជាតិ​ ព្រោះយើងប្រើម៉ាស៊ីន​ បច្ចកវិទ្យា និងកម្រិតអ្នកជំនាញដូចៗគ្នា»។

កាន់តែពិសេសនោះ ការព្យាបាលនៅកម្ពុជាយើង មិនចំណាយអស់ថវិការច្រើន ដូចនឹងនៅតាមបណ្ដាប្រទេសនោះទេ គឺតម្លៃគឺទាបច្រើនជាង៥០%ឯណោះ ដែល នេះយើងមិនទាន់គិតពីតម្លៃសំបុត្រយន្តហោះ ការស្នាក់នៅ និងការហូបចុកនៅឡើយទេ ។

លោកវេជ្ជបណ្ឌិតថ្លែងបន្ដថា «ការដាក់សរវាលាងឈាមនៅព្រឹកនេះ មានចំនួនបួនគ្រឿង គឺជាគម្រោងជំហានដំបូង ហើយមន្ទីរពហុព្យាបាលអន្តរជាតិខេមា នឹងបង្កើនឲ្យមានពីចន្លោះ២០ទៅ៣០គ្រឿងនៅមួយឆ្នាំក្រោយ ដើម្បីឲ្យស្របតាមមជ្ឈមណ្ឌលលាងឈាមស្តង់ដាអន្តរជាតិ» ។

លោកបញ្ជាក់ថា គ្លីនិកលាងឈាមខេមា មានបរិយាកាសសម្រាកព្យាបាលល្អ បំពាក់ដោយម៉ាស៊ីនលាងឈាមថ្មីស្រឡាង និងទំនើបផលិតនៅប្រទេសជប៉ុន ប្រើប្រាស់សំភារៈលាងថ្មីៗជានិច្ច (ប្រើម្តងបោះចោល មិនប្រើឡើងវិញឡើយ) គ្រប់គ្រង និងដំណើរការដោយបុគ្គលិកជំនាញ និងមានបទពិសោធន៍ច្បាស់លាស់ ដោយសហការជាមួយសាស្ត្រាចារ្យ ផ្នែកតំរងនោម និងអ្នកជំនាញលាងឈាម មកពីកោះតៃវ៉ាន់ ។

បើតាមការឲ្យដឹងពីមន្រ្តីជំនាញ បានបង្ហាញថា ការលាងឈាម គឺជាវិធីច្រោះយកកាកសំណល់​ ដូចជា​​ក្រេអាទីនីន និងអ៊ុយរ៉េ និងជាតិទឹកលើសចេញពីក្នុងខ្លួន ដោយប្រើម៉ាស៊ីនលាងឈាម ជំនួសឲ្យតំរងនោមធម្មជាតិ ដែលខូចឈប់ដំណើរការ។ មុនពេលមានវីធីលាងឈាម អ្នកជំងឺខូចតំរងនោមទាំងស្រុង គ្មានសង្ឃឹមថា នឹងរស់រានមានជីវិតបានឡើយ តែបច្ចុប្បន្ន អ្នកជំងឺខូចតំរងនោម​អាចរស់នៅ និងធ្វើការខ្លះៗបានជាធម្មតា។

សូមបញ្ជាក់ថា មន្ទីរពហុព្យាបាលអន្តរជាតិខេមា មានគ្រូពេទ្យទាំងខ្មែរ និងបរទេសក្នុងនោះមានអាស៊ី និងអឺរ៉ុប ស្ថិតនៅដីឡូត៍លេខ២៨ ផ្លូវ២៩៤ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែឡមានលេខ ទូរស័ព្ទទំនាក់ទំនង៖ 099 588 588 និង012 303 212 ៕