(ព្រះវិហារ)៖​ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹក​ថ្ងៃទី០១​ ខែតុលា​ ឆ្នាំ២០១៨​ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន​ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ នៅកងពលតូចអន្តរាគមន៍លេខ៧ នៅ​ភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

លោករដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសួរសុខ​ទុក្ខ​ពី​​សំណាក់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​នៃកម្ពុជា និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា​ ដែល​ជានិច្ច​កាល​បានគិតគូរចំពោះសុខទុក្ខ និងការរស់​នៅ​របស់នាយ​ទាហាន នាយទាហានរង និងពល​ទាហាន​ទាំងអស់​ នៃកងកម្លាំង​ប្រដាប់​អាវុធកម្ពុជានៅ​គ្រប់​ទី​កន្លែង។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីបានសម្តែងនូវការកោតសរសើរខ្ពស់​ចំពោះ​ស្មារតី​តស៊ូអង់អាច​ក្លាហាន ប្រកបដោយ​វីរភាព​របស់​នាយទាហាន នាយទាហានរង និងពលទាហានរបស់​កម្ពុជា​ ​នៅ​កងពលតូច​អន្តរា​គមន៍លេខ៧ ដែលបានយកអស់កម្លាំង​កាយចិត្ត​ ក្នុង​បុព្វហេតុ​ការពារ​​មាតុភូមិ​​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា និងការចូលរួម​អភិវឌ្ឍ​ប្រទេស​ជាតិឱ្យមានការរីកចម្រើន​លើគ្រប់វិស័យ។

​ពិធីសំណេះសំណាលរបស់យើងនាពេលនេះ ស្ថិត​ក្នុង​​ស្ថាន​ភាព នៃ​​សភាពការណ៍របស់ប្រទេសជាតិ ដែលកំពុង​តែ​មាន​ការរីក​ចម្រើន​ប្រកបដោយសន្តិភាព ស្ថិរភាព ការអភិ​វឌ្ឍ និងកិច្ច​សហ​ប្រតិ​បត្តិ​ការ ក្រោមការដឹកនាំរបស់​សមេ្តច​​តេជោ ហ៊ុន សែន។

ព្រមជាមួយនោះ លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពដែលរាជរដ្ឋាភិបាល បានខិតខំសម្រេចបាននូវសមិទ្ធផលជាច្រើន ដែលយើងទាំងអស់គ្នាបានឃើញ និងទទួលបានផលពីសមិទ្ធផលនេះ ដែលកើតចេញពីការចួលរួមរបស់ថ្នាក់ដឹកនាំជាតិ បុគ្គលិក មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ កងយោធពលខេមរភូមិន្ទ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ​របស់​រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីព្រមទាំងគណៈប្រតិភូ ក៏មាននាំយកនូវថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងផ្តល់អាហារូបករណ៍សិក្សា មុខជំនាញបច្ចេកទេសផ្សេងៗ​ នៅតាមវិទ្យាស្ថាន និងមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់នាយទាហាន នាយទាហានរង ពលទាហាន និងគ្រួសារផងដែរ៕