(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវចុះត្រួតពិនិត្យមើលរាល់ថ្ងៃទៅតាមចំណតរង់ចាំនានា និងជំរុញខ្សែរត់ រថយន្តក្រុងឱ្យបានលឿន ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះយើងជាអ្នកបម្រើប្រជាពលរដ្ឋត្រូវតែធ្វើឱ្យបានល្អជូនប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោក ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ក្នុងពិធីបើកដាក់ឱ្យប្រើប្រាស់សាកល្បងរថយន្តក្រុង ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន លើតម្រាយផ្លូវរត់ថ្មីរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង នៅលើចំណតរថយន្តមុខឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរលោក ឃួង ស្រេង បានលើកឡើងថា មន្ត្រីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង ត្រូវចុះត្រួតពិនិត្យមើល លើបញ្ហាបច្ចេកទេសចំណតរង់ចាំ និងមើលពីសកម្មភាពរបស់ ប្រជាពលរដ្ឋអ្នកដំណើរ បើមានច្រើនត្រូវតែបន្ថែមខ្សែរត់ មិនមែនមានប៉ុន្មាន ធ្វើតែប៉ុណ្ណឹងនោះទេ។ កិច្ចការងារនេះ ត្រូវតែប្រជុំដើម្បីពិភាក្សារកចំណុចកែលំអរឱ្យបានល្អប្រសើរឡើងមួយកម្រិតទៀត។

លោក ឃួង ស្រេង បានបន្តថា ការបង្កើតឱ្យមានរថយន្តក្រុង គឺដើម្បីតាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋកាត់បន្ថយកកស្ទះ និងគ្រោះថ្នាក់ចរាចរ ដូច្នេះគ្រប់សកម្មភាពត្រូវតែធ្វើឡើង ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ ហើយការងារនេះ ថ្ងៃក្រោយបើអាច យើងនឹងយករថយន្តក្រុងមួយចំនួន ទៅធ្វើចរាចរណ៍ទៅតាមបណ្តាលខេត្ត ឬឆ្លងប្រទេសក្បែរៗ ខាងយើងផងដែរ ដើម្បីយកលុយមកទប់ការខាតរបស់រថយន្តក្រុងនៅក្នុងក្រុង។

លោក ឃួង ស្រេង បានបន្តទៀតថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ ប្រទេសយើងមានតែបាតដៃទទេ តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មកដល់ពេលនេះ ធ្វើឱ្យប្រទេសជាតិយើងមានការអភិវឌ្ឍលើគ្រប់វិស័យ និងធ្វើឱ្យកំណើតយានយន្តចេះតែកើនឡើង ធ្វើអោយមានការកកស្ទះចរាចរ។

អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការរិតបណ្តឹងចរាចរ គ្មានបំណងអ្វីទេ គឺដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋយើង។ ដូច្នេះត្រូវចូលរួមគោរពច្បាប់ចរាចរទាំងអស់គ្នា។ មកដល់ពេលនេះយើងមានរថយន្តក្រុងចំនួន២៣៥គ្រឿង និងទទួលបានការគាំទ្រ ពីប្រជាជនយ៉ាងច្រើន ដោយក្នុងមួយថ្ងៃ មានបងប្អូនប្រជាពលរដ្ឋជិះរថយន្តក្រុងប្រមាណពី២ម៉ឺន ទៅ២ម៉ឺន១ពាន់ ដែលអាចកាត់កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរជាយ៉ាងផងដែរ។

ក្រៅពីនេះលោក ឃួង ស្រេង ក៏បានជំរុញឱ្យអ្នកបើកបររថយន្តក្រុងទាំងអស់ ត្រូវគោរពច្បាប់ចរាចរ មិនត្រូវបើកស្រេចតែចិត្តនោះទេ ត្រូវគិតថា អ្នកដំណើរជាមួយយើងសុទ្ធតែជាបងប្អូនរបស់យើង។ យើងជាអ្នកបំរើប្រជាពលរដ្ឋ ដូច្នេះត្រូវតែធ្វើឱ្យប្រជាពលរដ្ឋចូលចិត្ត និងស្រឡាញ់យើង។ ការចតលើចំណតរថយន្តក្រុង អាជ្ញាធរដែនដីត្រូវសម្រួល និងទទួលធ្វើការងារនេះឱ្យបានល្អ ដោយសារការយល់ដឹង របស់ប្រជាពលរដ្ឋនៅមានកម្រិត ។

ដោយឡែកលោក អ៊ាន សុខឃីម អភិបាលរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានបញ្ជាក់ឱ្យដឹងថា ដើម្បីឆ្លើយតបទៅតាមការចង់ បានរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ក៏ដូចជាការចូលរួមកាត់បន្ថយកកស្ទះ និងគ្រោះថ្នាក់ចរាចរ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតឱ្យមានខ្សែ រត់រថយន្តក្រុង ហើយមកដល់បច្ចុប្បន្ននេះ មានអ្នកទទួលសេវានៃការជិះរថយន្តក្រុងនេះ ក្នុងមួយថ្ងៃពី២ម៉ឺន ទៅ២ម៉ឺន១ពាន់ ដោយឃើញពីកំណើននេះទើបរដ្ឋបាលរាជធានី បន្ថែមខ្សែរត់ចំនួន៥ខ្សែទៀត ចំនួន៨០គ្រឿង ដែលជាជំនួយរបស់ប្រទេសជប៉ុន ចាប់ពីថ្ងៃទី០១ តុលានេះតទៅដោយកែសម្រួល និងបង្កើតថ្មី ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ ទី១ គឺការសម្រួលខ្សែរត់ចាស់ក្នុងនោះ៖

១៖ ខ្សែទី១ ដែលពីមុនរត់ចេញពីគីឡូម៉ែត្រ៩ ផ្លូវជាតិលេខ៥ ដល់ចំណតបឹងឈូក ផ្លូវជាតិលេខ១ ត្រូវបានកែសម្រួលជា២ វិញ ៖ ខ្សែទី១A ចេញពីផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ ផ្លូវព្រះមុនីវង្ស ស្ពានព្រះមុនីវង្ស ដល់ ចំណតច្បារអំពៅ។ ខ្សែទី១B ចេញពីចំណតច្បារអំពៅ តាមផ្លូវជាតិលេខ១ ទៅផ្សារគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។

២៖ ខ្សែទី២ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែន សុខ ដល់ក្រុងតាខ្មៅ ត្រូវបានកែសម្រួលឱ្យរត់ចេញពីរង្វង់មូលគេចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ ដល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។

៣៖ ខ្សែទី៤ ត្រូវបានកែសម្រួលបន្ថែមថ្មី ដោយក្នុងនោះខ្សែទី៤B ត្រូវបានបន្លាយពីតំបន់សេដ្ឋកិច្ចពិសេស អោយទៅដល់ទីក្រុងពាណិជ្ជកម្ម ចេង ឧូបាយី កម្ពុជា ចិន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ខ្សែទី៤C រត់ចេញពីចំណតសួនច្បារឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលគេចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី ផ្លូវហ្សាលដឺហ្គោល ស្តាបនាងគង្ហីង ស្តុបអាងទឹកអូឡាំពិក ផ្លូវមុនីរ៉េត ផ្សារដើមគរ ស្ពានអាកាសស្ទឹងមានជ័យ ច្រមុះជ្រូកស្ទឹងមានជ័យ កាត់តាមផ្លូវលេខ២១៧ រង្វង់មូលដីក្រហម (កួរស្រូវ)។

៤៖ ខ្សែទី៥ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែន សុខ ដល់ផ្សាអ៊ីអន១ ត្រូវបានបន្លាយអោយរត់ដល់ស្ថានីយចំណតរថយន្តក្រុងនៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ។

៥៖ ខ្សែទី៦ ត្រូវបានកែសម្រួលអោយរត់ចេញពីរង្វង់មូលគួចកាណុង កាត់ស្ពានជ្រោយចង្វារផ្លូវជាតិលេខ៦ បត់ធ្វេងតាមវិថីឈ្នះឈ្នះ ដល់ស្ថានីយចំណតរថយន្តក្រុងនៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ។

៦៖ ខ្សែទី៧ រត់ចេញពីចំណតរថយន្តគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវ៥៩៨ កាត់ក្រោមស្ពានអាកាស៧មករា ផ្លូវ២៧១ កាត់ស្ពានអាកាស
ស្ទឹងមានជ័យ ផ្លូវ២៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក។

៧៖ ខ្សែទី៨ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ ស្តុបអង់តែនទួលគោក ស្តុបកាំកូស៊ីធី ផ្លូវឧកញ៉ាម៉ុងឬទ្ធី ផ្លូវសម្តេចជាស៊ីម បត់ឆ្វេងមកផ្លូវឧកញ៉ាទ្រីហេង ផ្លូវសហព័ន្ធរុស្ស៊ី បត់ឆ្វេងមកផ្សារស៊ិនជូរីផ្លាហ្សា។

* ចំពោះបណ្តាញខ្សែរត់ដែលត្រូវបន្ថែមថ្មី៖

៨៖ ខ្សែទី១០ ចេញពីផ្សារស៊ិនជូរីផ្លាហ្សា បត់ស្តុបផ្លូវ២០០៤ តាមផ្លូវ២០០៤ ផ្លូវសឡា ផ្លូវចោមចៅផ្លូវ២១៧ ផ្លូវ៣៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក។

៩៖ ខ្សែទី១១ ចេញពីវត្តស្លែង ផ្លូវព្រែវែងពងទឹក បត់ឆ្វេងផ្លូវព្រៃស បត់តាម០្លូវ២១៧ ដល់ច្រមុះជ្រូកស្ទឹងមានជ័យ(វិលជុំ)។

១០៖ ខ្សែទី១២ (រត់ជារង្វង់) ចេញពីរាជាយស្ម័យាន មហាវិថីសហព័ន្ធរុស្ស៊ី បត់ឆ្វេងតាមផ្លូវនេរុហ៍ តាមផ្លូវព្រះសីហនុ បត់ស្តាំតាមផ្លូវ១៦៣ បត់ឆ្វេងតាមផ្លូវ៣៦០ បត់ឆ្វេងមកផ្លូវត្រសក់ផ្អែម ផ្សារធំថ្មី បត់ឆ្វេងតាមផ្លូវភ្លោះព្រះអង្គឌួង រាជាយស្ម័យាន។

១១៖ ខ្សែទី១៣ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ បត់មកបឹងកក់ ឆ្ពោះមកក្តាន់២ ផ្លូវ១៦៩ មកស្តុបនាងគង្ហីង រង្វង់មូលសំពៅ ផ្លូវ១៦៣ មករង្វង់មូលផ្សារដើមថ្កូវ (វិលជុំ)៕