(កំពង់ធំ)៖ ដោយ​មិន​គិត​ពី​ថ្ងៃ​ឈប់សម្រាក​ ដើម្បី​បម្រើ​សេចក្តី​ត្រូវ​ការ​របស់​ប្រជា​ពល​រដ្ឋ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​ខាត នៅ​ល្ងាច​ថ្ងៃ​អាទិត្យទី៣០ ខែកញ្ញា ឆ្នាំ​២០១៨​ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បានបន្តដឹកនាំសហការីនាំយក​នូវ​អំណោយ​របស់​សម្ដេច​តេជោ​ ហ៊ុន សែន ចុះជួយ​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ និង​ប្រគល់​ជូន​លោក​យាយ​ ឈួន​ ណៃ​ អាយុ​ ៧៥​ឆ្នាំ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​​ ហើយ​មាន​ជម្ងឺ​ប្រចាំ​កាយ​ថែម​ទៀត​ផង​ ​​រស់​នៅ​ភូមិ​ស្លាកែត​ សង្កាត់​ព្រៃ​តាហ៊ូ​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ។

លោកយាយកំសត់ ឈួន​ ណៃ ត្រូវបានស្វាមីគាត់បោះបង់ចោលអស់​រយៈពេល​ជាង​១៥​ឆ្នាំ​ហើយ​ ក្នុងពេលដែលលោកយាយមានកូនចំនួន១០នាក់ សព្វថ្ងៃកូនរបស់គាត់ស្លាប់អស់៧នាក់​ នៅរស់ដល់សព្វថ្ងៃចំនួន៣នាក់។ បច្ចុប្បន្ន​លោក​យាយ​​រស់​នៅ​ភូមិ​ស្លាកែត​ សង្កាត់​ព្រៃ​តាហ៊ូ​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​ ក្រោម​ការ​បីបាច់​ថែរក្សា​ពី​កូន​ស្រី​ម្នាក់​ឈ្មោះ​ អាន នួន​ អាយុ ៥៣​ឆ្នាំ​ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​​ដែរ​។

អំណោយដែលបានផ្តល់ជូនលោកយាយកំសត់នៅពេលនេះ​រួមមាន៖ អង្ករចំនួន៥០គីឡូ​ក្រាម, មីយើងចំនួន​០២កេះ​, ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ចំនួន​០២យួរ និង​ថវិកា​ចំនួន​១០០,០០០រៀល​ (ដប់​ម៉ឺន​រៀល​)​ ។

លោក​យាយ​កំសត់​រំភើបចិត្ត​ណាស់​ បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមការងារដែល បានពាំនាំយកអំណោយរបស់សម្តេចតេជោ ​ផ្តល់​ជូន​គាត់​ដើម្បី​បន្ត​ជីវភាព​រស់នៅ​ ដោយ​មិន​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​អាហារ​ឡើយ​៕