(ភ្នំពេញ)៖ លោកស្រី សែន ស្រី ជាអាជីវករលក់ត្រីនៅផ្សារចាស់ ក្នុងទីក្រុងភ្នំពេញ ហើយក៏ជាអតិថិជនកម្ចីរបស់ហត្ថាកសិករ ផងដែរ។ ជារឿងដែលនឹកស្មានមិនដល់ និងសោកស្តាយបំផុត គឺលោកស្រីបានជួបគ្រោះថ្នាក់ដោយចោរឆក់ ដែលបណ្តាលឲ្យទទួលមរណភាព ហើយនេះគឺជាដំណឹងដ៏សោកសៅ និងបាត់បង់ដ៏ធំបំផុត សម្រាប់ក្រុមគ្រួសាររបស់លោកស្រី។

ទោះបីជា លោកស្រី សែន ស្រី បានចាកចេញទៅដោយគ្មានថ្ងៃត្រឡប់ ក៏គាត់មិនឲ្យកូនៗ មានការលំបាកក្នុងការសងកម្ចីជំនួសគាត់ដែរ។ គាត់បានទិញសេវាធានារ៉ាប់រងឥណទាន របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍ ដែលជាដៃគូចែកចាយសេវាធានារ៉ាប់រងអាយុជីវិតរបស់ ហត្ថាកសិករ ពេលដែលគាត់ទទួលកម្ចី ជាមួយហត្ថាកសិករ ទើបកម្ចីទាំងអស់របស់គាត់ ត្រូវបានការទូទាត់សងជំនួសក្រុមគ្រួសារ មិនតែប៉ុណ្ណោះនៅសល់មួយចំណែកទៀត គឺប្រគល់ជូនអ្នកស្រី ហុង ស្រ៊ី ដែលជាកូនរបស់គាត់។

នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ អ្នកស្រី ហុង ស្រ៊ី បានមកទទួលសំណងពីក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។ គាត់ពិតជាមានការសោកស្តាយ ចំពោះការបាត់បង់ម្តាយជាទីស្រឡាញ់របស់គាត់ណាស់។ អ្នកស្រី ហុង ស្រ៊ី ក៏បានអរគុណដល់ សុវណ្ណាភូមិ ឡាយហ្វ៍ និងក្រុមការងារ ហត្ថាកសិករ ដែលបានជួយក្នុងដំណើរការនៃការផ្តល់សំណង និងទូទាត់កម្ចីទាំងអស់របស់ម្តាយគាត់បានយ៉ាងឆាប់រហ័ស។ 

លោកឧកញ៉ា ហួត អៀងតុង អគ្គនាយក នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានថ្លែងចូលរួមរំលែកទុក្ខថា៖ «តាងនាមឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់របស់ ហត្ថាកសិករ យើងខ្ញុំសូមចូលរួមរំលែកទុក្ខ យ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារ ដែលបាត់បង់ម្តាយជាទីស្រឡាញ់ និងជាទីជំហររបស់កូនៗ»។ 

ហត្ថកសិករ និង សុវណ្ណាភូមិ ឡាយហ្វ៍ នឹងបន្តសហការគ្នា ដើម្បីផ្តល់ការការពារផ្នែកហិរញ្ញវត្ថុ ជូនដល់ប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ ជាពិសេសគឺក្រុមគ្រួសាររបស់អតិថិជន ដែលមានកម្ចីកុំឲ្យពួកគាត់ធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុ នៅពេលដែលមេចំណូលគ្រួសារ ជួបគ្រោះអកុសលណាមួយ ហើយមិនអាចមានលទ្ធភាពបង់កម្ចីបាន៕