(ភ្នំពេញ)៖ សាលាអន្តរជាតិហ្សាម៉ាន់ បានរៀបចំកម្មវិធីប្រគល់ រង្វាន់អាហារូបករណ៍ប្រចាំឆ្នាំ ដល់សិស្សពូកែ ដើម្បីចូលរួមអបអរចំពោះជោគជ័យ របស់សិស្សានុសិស្ស តាមរយៈការផ្ដល់រង្វាន់ជាប្រាក់ឧបត្ថម្ភ និងការបញ្ចុះតម្លៃសិក្សា ដល់សិស្សដែលប្រឡងបានពិន្ទុខ្ពស់។

សាលាអន្តរជាតិហ្សាម៉ាន់ ក៏បានប្រគល់រង្វាន់អាហារូបករណ៍ ចំនួន១០០កន្លែង ក្នុងឱកាសកម្មវិធីប្រគល់រង្វាន់អាហារូបករណ៍ប្រចាំឆ្នាំ ដែលបានប្រព្រឹត្តទៅកាលពីទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យហ្សាម៉ាន់ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

សិស្សានុសិស្ស ដែលជាប់អាហារូបករណ៍គឺជាសិស្ស ដែលទទួលបានពិន្ទុខ្ពស់ ពីការប្រឡងនានាកាលពីពេលថ្មីនេះៗ ហើយក៏ទទួលបានការកោតសរសើរ ពីសំណាក់លោកប្រធានគ្រប់គ្រងសាលា នៅក្នុងសារសុន្ទរកថានាឱកាសនោះផងដែរ។

លោកប្រធានគ្រប់គ្រងសាលាអន្តរជាតិហ្សាម៉ាន់ ក៏បានបន្តកោតសរសើរ ដល់បញ្ញវន្តវ័យក្មេងរបស់យើង ចំពោះសមត្ថភាពរបស់ពួកគាត់ ដែលសម្រេចបានស្របតាមបេសកកម្ម និងចក្ខុវិស័យរបស់សាលា។

ក្រៅពីសិស្សនុសិស្ស ដែលទទួលបានប្រាក់រង្វាន់ពីសាលា ក៏មានសិស្សដែលត្រូវបានជ្រើសរើស ដើម្បីទទួលរង្វាន់ចំពោះភាពជោគជ័យ ពីការប្រឡងសិស្សពូកែថ្នាក់ជាតិកន្លងទៅនេះ រួមទាំងសិស្សដែលទទួលបានជោគជ័យ ពីការប្រឡងខេមប្រ៊ីជដូចជា ការប្រឡង A Levels ជាដើម៕