(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួង នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា ដែលបានទទួលមរណភាព។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមសម្ដែងនូវការសោកស្ដាយ និងក្ដុកក្ដួលរំជួលចិត្តឥតឧបមា រកអ្វីប្រៀបផ្ទឹមពុំបានចំពោះមរណភាពរបស់លោក នៃ ប៉េណា ដែលបានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង១៣៖០០នាទី ក្នុងជន្មាយុ៧៤ឆ្នាំ ដោយរោគាពាធ។

ប្រតិភូទាំងអស់ បានសំដែងនូវសម្មានចិត្ត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសព យ៉ាងក្រៀមក្រំ និងសោកស្តាយជាពន់ពេក ចំពោះការបាត់បង់ថ្នាក់ដឹកនាំព្រឹទ្ធសភាមួយរូប ដែលក្នុងមួយជីវិត លោកបានធ្វើពលិកម្មគ្រប់បែបយ៉ាង និងចូលរួម ដោយផ្ទាល់ក្នុងការគាំទ្រដល់ចលនាតស៊ូ ស្នេហាជាតិគ្រប់សម័យកាល ពិសេសចលនាតស៊ូរំដោះជាតិ ប្រឆាំងនឹងរបប ប៉ុល ពត។

ការរស់នៅក្នុងសង្គម លោក នៃ ប៉េណា តែងតែប្រាស្រ័យទាក់ទងល្អ ជាមួយនឹងបងប្អូន ញាតិមិត្ត ជិតខាង ប្រកបដោយចិត្តសប្បុរស និងចួលរួមរំលែកទុក្ខនៅពេលបងប្អូនណាជួបការលំបាក និង ឧបត្ថម្ភដល់អ្នកជិតខាងដែលជួបការលំបាក និងគ្រោះភ័យ។ ចួលរួមជាមួយប្រជាពលរដ្ឋបរិច្ចាកធនធានផ្ទាល់ខ្លួន ធ្វើបុណ្យកសាងសមិទ្ធិផលនានាជាច្រើន សំរាប់បំរើដល់សង្គមជាតិ ទាំងពុទ្ធចក្រ និងអាណាចក្រ រហូតបានក្លាយជាព្រឹទ្ធធាចារ្យម្នាក់ ដែលត្រូវបានទទួលការគោរពស្រឡាញ់ ពីមជ្ឈដ្ឋានជុំវិញ ពិសេសញាតិមិត្ត អ្នកភូមិក្បែរខាង។ ដែលធ្វើឲ្យបុត្រធីតា ចៅ ចៅទួត ទាំងអស់ ចងចាំ គោរពស្រឡាញ់ ព្រមទាំងរៀនសួត្រតាម គំរូវីរៈភាព និង នៅក្នុងក្រអៅបេះដូង។

ជាមួយមរណភាពដ៏ក្រៀមក្រំជាទីបំផុតនេះ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពលោក នៃ ប៉េណា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕