(ក្រចេះ)៖ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានបញ្ជាឲ្យនគរបាលជំនាញគ្រប់គ្រង ឲ្យបានលើទីតាំងមួយចំនួនតំបន់ដែល ងាយរងគ្រោះដោយគ្រឿងញៀនដូចជា៖ តាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ បន្ទប់ផ្ទះជួល និងផ្ទះសំណាក់ ពិសេសបង្កើនការចុះពិនិត្យរដ្ឋបាល ដើម្បីក្តាប់ឲ្យច្បាស់លើសមាសភាពមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀន។

បទបញ្ជាដាក់ចេញនូវទិសដៅសម្រាប់ឲ្យនគរបាល ការិយាល័យជំនាញគ្រឿងញៀន អធិការនគរបាលស្រុក ក្រុង ដើម្បីបន្តអនុវត្តបន្ថែមបែបនេះ ពីលោកឧត្តមសេនីយ៍ទោ លន់ សុផាត ស្នងការនគរបាលខេត្ត បានធ្វើឡើងនៅព្រឹកថ្ងៃទី១​ ខែតុលា នៅសាលប្រជុំស្នងការដ្ឋាន។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា «បើទោះជាស្ថានភាពបទល្មើសគ្រឿងញៀន មានសភាពធូរស្រាល ក្រោយមានការបង្រ្កាបពីកម្លាំងនគរបាលការិល័យជំនាញ ខេត្ត ស្រុក ក្រុង តែសមាសភាពមុខសញ្ញាប្រើប្រាស់ និងជួញដូរ គឺនៅមានសេសសល់នៅឡើយ»

ចំណុចនេះ លោកឧត្តមសេនីយ៍ទោ លន់ សុផាត បានជម្រុញឲ្យនគរបាលផ្លាស់ប្តូរបទពិសោធន៍ការងារ និងការត្រួតពិនិត្យរដ្ឋបាល តាមតំបន់គោលដៅងាយរងគ្រោះដោយគ្រឿងញៀន។ ពិសេសនោះ ការជម្រុញឲ្យម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក្លឹបកំសាន្ត និងខារ៉ាអូខេចូលរួមឲ្យបានផុលផុស លើកិច្ចការងារសហការជាមួយនគរបាលជំនាញ។

បើតាមរបាយការណ៍របស់ការិយាល័យគ្រឿងញៀនខេត្ត បានឲ្យដឹងថា ក្នុងអំឡុងប្រតិបត្តិការ រយៈពេល៩ខែដើម ឆ្នាំ២០១៨ កម្លាំងនគរបាលអនុវត្តបានលទ្ឋផលបង្រ្កាបបាន៧៤ករណី មុខសញ្ញា១៤០នាក់ ស្រី១៨នាក់ ក្នុងនោះ វត្ថុតាងដែលចាប់បានមានម្សៅក្រាមពណ៌ស៤១៣កញ្ចប់ ថ្នាំគ្រាប់២៣គ្រាប់។ ជនសង្ស័យប្រុស ស្រីជាមុខសញ្ញា ត្រូវបានបញ្ជូនឃុំខ្លួន និងខ្លះបញ្ជូនទៅមណ្ឌលកែប្រែ៕