(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅថា គ.ជ.ប បានបង្កើតកម្មវិធីស្វែងយល់ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹង ឲ្យកាន់តែច្បាស់លាស់ ពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតរបស់ខ្លួន។

ជាក់ស្ដែងនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ ការិយាល័យចុះឈ្មោះបោះឆ្នោត សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ នៅតាមឃុំសង្កាត់ទូទាំងប្រទេសកម្ពុជា បានចាប់ផ្ដើមដំណើរការហើយ ដើម្បីឲ្យប្រជាពលរដ្ឋទៅពិនិត្យមើលបញ្ជីឈ្មោះ។

បើតាម គ​.ជ.ប បានបញ្ជាក់ថា ចំពោះប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧ ទៅពិនិត្យមើលឈ្មោះរបស់ខ្លួន ដែលបិទផ្សាយ នៅតាមសាលាឃុំសង្កាត់ ដើម្បីឲ្យប្រាកដថា ខ្លួនពិតជាមានឈ្មោះ និងទិន្នន័យត្រឹមត្រូវ នៅក្នុងបញ្ជីបោះឆ្នោត។ ក្នុងករណីឈ្មោះ ឬទិន្នន័យរបស់ខ្លួនពុំត្រឹមត្រូវ ត្រូវស្នើសុំទៅក្រុមចុះឈ្មោះបោះឆ្នោត ដើម្បីធ្វើការកែតម្រូវឲ្យបានត្រឹមត្រូវ ទៅតាមឯកសារសំអាងច្បាស់លាស់។

ចំពោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ គឺមានរយៈពេល១៨ថ្ងៃ ដែលចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

ខាងក្រោមនេះ ជាវិដេអូកម្មវិធីស្វែងយល់ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៨ របស់ គ.ជ.ប៖