(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា រួមជាមួយសមាជិក សមាជិកា បានបង្ហាញនូវសមានទុក្ខដ៏ក្រៀមក្រំប្រកបដោយក្តីក្តុកក្តួល និងសោកស្តាយជាទីបំផុត ចំពោះមរណភាពរបស់លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា។

ក្នុងលិខិតចូលរួមរំលែកទុក្ខផ្ញើជូនលោកស្រី មាឃ ឡាញ់ ភរិយាសពលោក នៃ ប៉េណា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ សម្តេច ហេង សំរិន ក្នុងនាមប្រធានរដ្ឋសភា បានរំលឹកនូវគុណបំណាច់ និងគំរូវីរភាពដ៏ឧត្តុង្គឧត្តមរបស់លោក នៃ ប៉េណា ដែលបានធ្វើចំពោះជាតិមាតុភូមិ។ ព្រមទាំងបានរំលឹកផងដែរថា លោក នៃ ប៉េណា បានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការចូលរួមដឹកនាំព្រឹទ្ធសភា ដែលជាការរួមចំណែកក្នុងដំណើរការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យ និងលើកតម្កើងកិត្យានុភាពជាតិទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។

ក្នុងលិខិតរំលែកទុក្ខនេះ សម្តេច ហេង សំរិន បានគូសរំលេចថា រដ្ឋសភានឹងចងចាំជានិច្ចនូវរាល់ស្នាដៃ ឧត្តមគតិ វីរភាព និងគុណបំណាច់របស់លោក នៃ ប៉េណា ដែលជាឥស្សរជនដ៏ឆ្នើមមួយរូបធ្លាប់បានចូលរួមធ្វើពលីកម្មគ្រប់បែបយ៉ាង និងពុះពារគ្រប់ឧបសគ្គក្នុងការការពារ កសាង និងអភិវឌ្ឍន៍ជាតិមាតុភូមិ។

សូមបញ្ជាក់ថា លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភាបានទទួលមរណភាពនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ ក្នុងជន្មាយុ ៧៤ឆ្នាំ ដោយរោគាពាធ។ សពរបស់លោកត្រូវបានតម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងបុរីប៉េងហួតបឹងស្នោ។ សពរបស់លោក នៃ ប៉េណា នឹងត្រូវដង្ហែមកបូជានៅលើសួនច្បារមុខវត្តបទុមវតីនាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៨ខាងមុខនេះ៕