(កំពង់ស្ពឺ)៖ តំណែងអធិការនគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ត្រូវបានផ្លាស់ប្តូរដោយលោក អ៊ុំ ចំរើន ជាអធិការរង ត្រូវបានថ្នាក់លើតែងតាំងជំនួសលោក យ៉ាង សុខលី ដែលជាអធិការបច្ចុប្បន្ន។ តែយ៉ាងណាក៏ដោយ មន្រ្តីនគរបាលជាច្រើនទាំងនៅអធិការដ្ឋាន និងនៅតាមប៉ុស្តិ៍នគរបាល បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារថានៅសុខៗបែរដោះដូរអធិការស្រុកយ៉ាងដូច្នេះ។

ប្រជាពលរដ្ឋ និងមន្ត្រីនគរបាលតាមបណ្តាប៉ុស្តិ៍ ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News លោក ម៉ៅ ប្រចាំខេត្តកំពង់ស្ពឺ បានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំងទូទាំងស្រុកបសេដ្ឋ ខណៈដែលថ្នាក់លើ មានការដោះដូរអធិការនគរបាលគ្មានមូលហេតុ។

ប្រជាពលរដ្ឋម្នាក់ បានលើកឡើងថា កន្លងមកលោក យ៉ាង សុខលី ជាអធិការនគរបាលស្រុកបសេដ្ឋ ត្រូវបានទទួលការកោតសរសើរចំពោះស្នាដៃរបស់លោក ដែលបានដឹកនាំកម្លាំងធ្វើការបង្ក្រាប បទល្មើសនានា ដូចជា៖ ចោរលួច គ្រឿងញៀន ចោរប្លន់។ល។ អ្វីដែលប្រជាពលរដ្ឋសោកស្តាយនោះគឺលោក យ៉ាង សុខលី តែងតែជួយប្រជាពលរដ្ឋណាមានការខ្វះខាតក្នុងជីវភាព, ចែករំលែក ផ្តល់ជាសម្ភារគ្រឿងឧបភោគ បរិភោគនានា ឬក៏ប្រជាពលរដ្ឋណាក្រីក្រមានបងប្អូនស្លាប់ ខ្វះខាតថវិកាធ្វើបុណ្យ និងទិញក្តាមជ្ឈូសសម្រាប់បូជាសព លោកតែងតែផ្តល់ថវិកាផ្ទាល់ខ្លួន ឬតាមរយៈការគៀងគររបស់សប្បុរសជននានា ទើបប្រជាពលរដ្ឋមានការសោកស្តាយ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងថា លោកស្រឡាញ់កូនចៅ ឬមនុស្សក្រោមឱវាទស្មើៗគ្នា ហើយការដោះដូរជារឿងរបស់ថ្នាក់លើ និងជាភារកិច្ចរបស់កងកម្លាំង៕