(កំពត)៖ នាព្រឹកថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសរដូវភ្ជុំបិណ្ឌ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយ លោក ជាវ តាយ អភិបាលខេត្តកំពត ព្រមទាំងគណៈប្រតិភូក្រសួង បានចុះទៅសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន ពលទាហាននៅអង្គភាពវរៈសេនាតូចលេខ២ ការពារព្រំដែនគោក នៃតំបន់ប្រតិបត្តិការសឹករងកំពត ដែលមានទីតាំងនៅភូមិតាចាន់ ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។

លោកវរសេនីយ៏ទោ យឿង រតនា មេបញ្ជាការវរៈសេនាតូច ២ ការពារព្រំដែនគោក នៃតំបន់ប្រតិបត្តិការសឹករងកំពតបានឲ្យដឹងថា បច្ចុប្បន្នអង្គភាពទទួលបន្ទុកការពារព្រំដែនខេត្តកំពត ជាប់នឹងខេត្តគៀងយ៉ាង ប្រទេសវៀតណាម ដែលមានប្រវែង៤៣គីឡូម៉ែត្រ លើភូមិសាស្ត្រចំនួន ៦ឃុំ នៃស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ខេត្តកំពត ដែលបានល្បាតត្រួតពិនិត្យ និងការពារដោយកងកម្លាំងចំនួន ៩៦នាក់។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេតែងតែយកចិត្តទុកដាក់ជាខ្លាំង ចំពោះសុខទុក្ខរបស់ប្រជាជន ជាពិសេសនាយទាហាន ពលទាហានតែបំពេញតួនាទីឈរជើងការពារខ្សែបន្ទាត់ព្រំដែន ជុំវិញផ្ទៃប្រទេស។

លោករដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការពលិកម្ម ឆន្ទៈដ៏មោះមុត និងពុះពារគ្រប់ឧបសគ្គរបស់អង្គភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ដែលធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គមពេញលេញ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជាគួរជាទីមោទនៈ។

លោករដ្ឋមន្ត្រី វេង សាខុន ថ្លែងទៀតថា សុខសន្តិភាព និងស្ថិរភាពពេញលេញនេះ ហើយដែលជាគន្លឹះដ៏សំខាន់ ក្នុងការនាំឲ្យមានការអភិវឌ្ឍន៍លើគ្រប់វិស័យ បង្កើតការងារជូនប្រជាពលរដ្ឋ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្របានយ៉ាងមានប្រសិទ្ធភាព។

លោករដ្ឋមន្ត្រី សង្ឃឹមនិងជឿជាក់ថា អង្គភាពនឹងបន្តសកម្មភាពការពារព្រំដែន ការពារសុខសន្តិភាព និងស្ថេរភាពដ៏ល្អប្រសើរនេះជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ និងទូទាំងប្រទេស។

លោករដ្ឋមន្ត្រី និងសហការីបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល សម្រាប់អង្គភាពដោះស្រាយរាល់បញ្ហាកង្វះខាត គ្រឿងឧបភោគបរិភោគ ទូកល្បាតចំនួន១គ្រឿង វិទ្យុទំនាក់ទំនងខែនហ្វូតធំចំនួន៤គ្រឿង និងតូចចំនួន ១០គ្រឿង ស័ង្កសីចំនួន ១០០០សន្លឹក ពូជត្រីចំរុះ ១០០០កូនត្រីសម្រាប់ចិញ្ចឹមក្នុងស្រះរបស់អង្គភាព និងកូនឈើ៥០០ដើមសម្រាប់ដាំក្នុងបរិវេណអង្គភាព។

ដោយឡែក លោករដ្ឋមន្ត្រីក៏បានដល់នាយទាហាន ពលទាហានទាំង ៩៦នាក់ ដោយក្នុង ១នាក់ទទួលបានថវិកា ចំនួន ៣ម៉ឺនរៀលផងដែរ៕