(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និងលោកស្រី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្ត បានអញ្ជើញកាន់បិណ្ឌវេនទី៧ នៅវត្តសំរោងអណ្តែត ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨នេះ។

ជារៀងរាល់ឆ្នាំនៅក្នុងរដូវ នៃពិធីបុណ្យដាក់បិណ្ឌភ្ជុំបិណ្ឌ ប្រជាពុទ្ធបរិស័ទតែង​តែរួមគ្នាធ្វើបុណ្យធ្វើទានតាមទីអារាម ដោយមាននាំយកនូវគ្រឿង​សក្ការបូជា មានទៀនធូប ផ្កាភ្ញី បូជាចំពោះព្រះពុទ្ធអង្គ និងព្រះរតនត្រ័យ និងទេយ្យទាន មានគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ រួមនិងបច្ច័យយកមកប្រគេន​ព្រះសង្ឃ និងរាប់បាត្រ បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការីជន ជីដូន​ជីតា ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរិលោកខាងមុខ សូមឱ្យ​មក​ទទួលនូវផល្លានិសង្ឃ ដែលកូនចៅបានឧទ្ទិស ជូនតាមរយៈព្រះសង្ឃនាបុណ្យកាន់​បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឱ្យបានទៅសោយសុខនៅទីស្ថានបរមសុខគ្រប់ៗជាតិ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បានបួងសួង និងឧទ្ទិសនូវមហាកុសលផលបុណ្យ ដែលបានធ្វើក្នុងថ្ងៃបុណ្យកាន់ បិណ្ឌវេនទី៧ ជូនដល់បុព្វការីជន មានមាតា បីតា ជីដូនជីតា ញាត្តិការទាំង៧សណ្តាន ដែលបានចែកឋាន ទៅកាន់លោកខាងមុខ ពិសេសក៏នឹងឧទ្ទិសមហាកុសលនេះផងដែរ ជូនដល់ដួងវិញ្ញាណខ័ន្ធបុព្វបុរសអ្នកស្នេហាជាតិ និងវីរយុទ្ធជន យុទ្ធនារី ដែលបានបូជាជីវិត លះបង់សាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារជាតិមាតុភូមិ និងទឹកដីកម្ពុជា នាពេលកន្លងមក សូមឱ្យបុណ្យកុសលដែល បានធ្វើក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៧នេះ បានដល់អ្នកទាំងអស់គ្រប់ៗគ្នា៕