(កោះកុង)៖ ចំណុចពិសេសសម្រាប់ពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ នៅខេត្តកោះកុង ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ មិនត្រឹមតែធ្វើឡើងនៅទីរួមខេត្តកោះកុងប៉ុណ្ណោះទេ ថែមទាំងនឹងត្រូវរៀបចំមួយផ្នែកទៀត នៅរមណីយដ្ឋានវិស្សមកាលតារាសាគរ ដែលមានទីតាំងនៅជាប់ឆ្នេរសមុទ្រ នៃស្រុកបទុមសាគរ ខេត្តកោះកុងផងដែរ។

ជាកិត្តិយសសម្រាប់ខេត្តកោះកុង ដែលពិធីបុណ្យសមុទ្រលើកនេះ នឹងធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

ក្នុងកិច្ចប្រជុំលើកទី២ នៃការត្រៀមរៀបចំបុណ្យសមុទ្រនៅខេត្តកោះកុង នៅសាលាខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានបញ្ជាក់ថា ទីរួមខេត្តកោះកុង និងតារាសាគរ បាននិងកំពុងរៀបចំការងារជាច្រើនក្នុងការត្រៀមខ្លួនទទួលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យសមុទ្រ នាចុងឆ្នាំ២០១៨ ខាងមុខនេះ។

កិច្ចប្រជុំខាងលើនេះ ធ្វើឡើងក្រោយពេលរាជរដ្ឋាភិបាលចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ ឆ្នាំ២០១៨ ក្រោមប្រធានបទ «ឆ្នេរស្អាត ពលរដ្ឋរមណីយ» ដែលមានលោករដ្ឋមន្ត្រី ថោង ខុន ជាប្រធាន និងលោកស្រី មិថុនា ភូថង ជាអនុប្រធានអចិន្ត្រៃយ៍។

ក្នុងកិច្ចប្រជុំនេះ គណៈអធិបតីបានផ្ដល់អនុសាសន៍ណែនាំជាច្រើនដល់លេខាធិការដ្ឋាន-អនុគណៈកម្មការទាំង៦ ត្រូវរៀបចំទីតាំងប្រារព្ធពិធីផ្សេងៗ ដូចជា ទីតាំងរត់ប្រណាំងកម្សាន្ត កីឡា Triathlon កីឡាប្រណាំងកង់ កីឡាចំបាប់បុរាណ កីឡាប្រដាល់គុនខ្មែរ កីឡា Jet-Ski កីឡាទូកក្តោង Sailing ក្បួនព្យុហយាត្រាផែនកីឡា ស្ដង់ពិព័រណ៍ កម្មវិធីដាំកូនឈើ ឆាកតន្ត្រី សិល្បៈ សិក្ខាសាលាជាដើម។

លោករដ្ឋមន្ត្រីក៏បានណែនាំដល់រដ្ឋបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្តកោះកុង ត្រូវខិតខំបំពេញការងារប្រកបដោយប្រសិទ្ធភាព និងពន្លឿនឱ្យទាន់ពេលបុណ្យសមុទ្រ ទាំងផ្នែកស្នាក់នៅ អនាម័យ គុណភាពចំណីអាហារ ពិសេសត្រូវយកចិត្តទុកដាក់លើបញ្ហាបង្គន់អនាម័យ បញ្ហាសំរាម ដាច់ខាតមិនត្រូវឱ្យមានសំរាម ឬក្រដាសក្រោមតុនៅតាមភោជនីយដ្ឋាន អាហារដ្ឋាន។

ពិសេសត្រូវរៀបចំខ្សែទស្សនកិច្ចនៅតាមរមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ដូចជាជីផាត អារ៉ែង តាតៃ ពាមក្រសោបជាដើម។

លោកបានស្នើឱ្យរដ្ឋបាលខេត្តធ្វើផ្ទាំងផ្សព្វផ្សាយពិធីបុណ្យសមុទ្រមួយ នៅត្រង់ផ្លូវបំបែកស្រែអំបិល និងធ្វើសួនច្បាររង្វង់មូលនៅទីនោះផងដែរ។ ម្យ៉ាងទៀត រដ្ឋបាលខេត្តក៏ត្រូវសហការជាមួយរមនីយដ្ឋានវិស្សមកាលតារាសាគរ រៀបចំតុបតែងសួនផ្កា និងភ្លើងបំភ្លឺនៅជុំវិញរូបសំណាក់ព្រឹទ្ធាចារ្យ សាយ ភូថង (ផ្លូវទៅកាន់រមនីយដ្ឋានវិស្សមកាលតារាសាគរ) ឲ្យបានល្អ។

លោកក៏បានលើកឡើងពីការដោះស្រាយបញ្ហាផ្លូវធ្វើដំណើរមកខេត្តកោះកុងនេះផងដែរ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថានឹងពន្លឿនការងារជួសជុលផ្លូវឱ្យបានទាន់ពេលវេលា។ ចំណែកបញ្ហាស្នាក់នៅ ភាគីកម្ពុជាក៏បានសហការជាមួយភាគីថៃ ដើម្បីរៀបចំកន្លែងស្នាក់នៅជូនភ្ញៀវឱ្យបានគ្រប់គ្រាន់ ហើយភ្ញៀវទេសចរក៏អាចឆ្លងទៅទស្សនានៅខេត្តត្រាត ប្រទេសថៃផងដែរ។

លោកបន្តថា បញ្ហាស្នាក់នៅ ម្ហូបអាហារនៅតាមភោជនីដ្ឋាន អាហារដ្ឋាន បដិសណ្ឋារកិច្ច សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ការធ្វើដំណើររបស់ភ្ញៀវជាដើម សុទ្ធតែត្រូវបានយកចិត្តទុកដាក់ ដើម្បីធានាជូនភ្ញៀវទេសចរ ឱ្យទទួលបាននូវភាពសប្បាយរីករាយលើសពីពិធីបុណ្យសមុទ្រមុនៗ។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់យ៉ាងដូច្នេះថា «ពិធីបុណ្យសមុទ្រនៅខេត្តកោះកុងលើកនេះ មានភាពពិសេសលើសពីលើកមុន នោះគឺមានទាំងការរៀបចំកម្មវិធីកម្សាន្តសប្បាយនានា នៅទីរួមខេត្តកោះកុងផង និងមានព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលពានរង្វាន់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីអបអរសាទរពិធីបុណ្យសមុទ្រផងដែរ»។

ចំណែកឯលោកស្រី មិថុនា ​ភូថង ក៏បានឱ្យដឹងដែរថា មកពេលនេះ រដ្ឋបាលខេត្តកោះកុង និងមន្ទីរពាក់ព័ន្ធនានា បាននិងកំពុងញាប់ដៃញាប់ជើងក្នុងការអនុវត្តការងារនានា ដើម្បីតៀមឱ្យទាន់ពេលវេលាពិធីបុណ្យសមុទ្រមកដល់។

លោកស្រីអភិបាលខេត្ត ក៏បានធានាជូនពីបញ្ហាសន្តិសុខសណ្ដាប់ និងការសម្រួលដោះស្រាយបញ្ហានានា ជូនភ្ញៀវទេសចរដែលឆ្លងទៅទស្សនានៅប្រទេសថៃ ហើយភ្ញៀវពីថៃក៏អាចមកទស្សនាខេត្តកោះកុង ក្នុងឱកាសពិធីបុណ្យសមុទ្រខាងមុខផងដែរ៕