(កំពង់ធំ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងសកម្មជនសហជីពចំនួន៩១នាក់ ទៅទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមអំពីវប្បធម៌ និងប្រវត្តិសាស្ត្រ នៅប្រាសាទសម្បូរព្រៃគុក ខេត្តកំពង់ធំ។ ទស្សនកិច្ច ដែលបានធ្វើកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ ក៏មានកិច្ចសហការ ពីសំណាក់អាជ្ញាធរសម្បូរព្រៃគុក មន្ទីរវប្បធម៌ និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ធំ ធ្វើឲ្យដំណើរនេះទទួលបានលទ្ធផលជាវិជ្ជមានទាំងរូបភាព និងខ្លឹមសារ។

លោក សោម អូន បានឲ្យដឹងថា សហជីពមិនមែនមានតួនាទីត្រឹមតែជាអ្នកការពារសិទ្ធិ និងផលប្រយោជន៏កម្មករនោះទេ សហជីពក៏ត្រូវមានតួនាទីផងដែរ ក្នុងការរួមចំណែកជួយកិច្ចការសង្គម សេដ្ឋកិច្ច វប្បធម៌ និង ប្រវត្តិសាស្ត្រ។ លោកបានបន្ថែមថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចនេះ គឺដើម្បីបំផុសដល់ចលនាសហជីពកម្មករ ស្វែងយល់ឲ្យបានស៉ីជម្រៅបន្ថែមទៀត នៅទីក្រុង​បុ​រាណ​នៃ​ប្រា​សាទ​សម្បូរព្រៃ​គុក​ ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា ​«អតីតរាជធានីឥ​សាន​បុរៈ» របស់កម្ពុជា​ នៅ​សម័យចេន​ឡា​ក្នុង​ស​.​វ​ទី​៧​ នៃ​គ​.ស​។

បើតាមប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជារូបនេះ តាមរយៈសំណង់ស្ថា​បត្យ​កម្ម​ សិល្បៈ​ និងរចនា​បថ គឺទឹកដីអតីតទីក្រុងបុរាណមួយនេះ បាន​បង្ហាញពីលក្ខណៈពិសេស នៃអត្ត​សញ្ញា​ណ​​ វប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទម្លាប់ សាសនា និងប្រវត្តិសាស្ត្ររបស់ខ្មែរយ៉ាងខ្លាំង។ លោកថា ក្នុងនាមជាប្រជាជាតិខ្មែរ ត្រូវសិក្សាស្វែងយល់អំពីអត្តសញ្ញាណជាតិ ឲ្យបានស៉ីជម្រៅ និងចូលរួមបណ្តុះនូវទឹកចិត្តដល់កូនខ្មែរ ឲ្យចេះស្រឡាញ់ ថែរក្សា ការពារ និងមានមោទនភាពចំពោះជាតិសាសន៍មួយ ដែលមានវប្បធម៌ និងប្រវត្តិសាស្ត្រច្បាស់លាស់ និងដ៏សម្បូរបែប។

លោក សោម អូន ក៏បានបង្ហើបឲ្យដឹងពីគម្រោងរៀបចំ កម្មវិធីដំណើរទស្សនកិច្ចសិក្សា របស់ចលនាសហជីពកម្មករ នៅតាមតំបន់
ប្រវត្តិសាស្ត្រផ្សេងៗទៀតដូចជា ប្រាសាទភ្នំដា កសាងនៅសតវត្សទី៦ នាសម័យនគរភ្នំ បច្ចុប្បន្ននៅស្រុកអង្គបុរី ខេត្តតាកែវ និង បន្ទាយលង្វែក កសាងនាសតវត្ស​ទី​១៥ បច្ចុប្បន្ននៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បន្តទៀតផងដែរ៕