(បន្ទាយមានជ័យ)៖ ​នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ​ឧបនាយករដ្ឋមន្រ្តី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងក្រុមគ្រួសារ អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទជាច្រើននាក់ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យមួយចំនួនចូលរួមពិធីកាន់បិណ្ឌទី៦ នៅវត្តសេនាប្រជុំពលភ្នៀត ក្នុងសង្កាត់ភ្នៀត​ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨នេះ។

ថ្លែង​ក្នុងឱកាសនោះ​​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានមានមតិសំណេះសំណាល និ​ង​នាំការផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់ជាតិមាន​ សម្ដេច​តេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្ដេច​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា​ និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា។

នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន បានគូសបញ្ជាក់ថា​ សម្តេចតេជោ​ ហ៊ុន​ សែន​ បានដឹកនាំប្រទេសកម្ពុជា ដើរលើផ្លូវត្រូវមានសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ​ទាំងពុទ្ធចក្រ​ និងអាណាចក្រ​ជំនឿសាសនា ត្រូវបានបើកទូលាយប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកជួបជុំគ្នាធ្វើបុណ្យយ៉ាងសប្បាយរីករាយ​ ហើយពុទ្ធចក្រអាចរីកលូតលាស់បានតែក្នុងប្រទេសមានសុខសន្តិភាពទេ​។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ បានថ្លែងអំណរគុណដល់មហាគ្រួសារអ្នកបន្ទាយមានជ័យ​ ដែលបានចូលរួមជាមួយសម្តេចតេជោ ហ៊ុន សែន ថែរក្សា​បាននូវសុខសន្តិភាពគាំទ្រសម្តេចតេជោ ហ៊ុន សែន ដើម្បីភាពរីកចម្រើនរុងរឿងសម្បូរសប្បាយទាំងអស់គ្នា។

ក្នុងឱកាសអញ្ជើញទៅដាក់បិណ្ឌនេះ​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន បាននាំយកចង្ហាន់ និងទេយ្យទានទៅប្រគេនដល់ព្រះសង្ឃ​ រួមមាន៖ ប្រគេន​ដល់ព្រះសង្ឃ​ ទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ​ មី ទឹកស៊ីអ៊ីវ ទឹកត្រី អង្ករនាងខុន ស្ករស តែ បច្ច័យប្រគេនព្រះសង្ឃមួយអង្គ ២ម៉ឺនរៀល និងប្រគេនបច្ច័យកសាងវត្ត​ ចំនួន៧លាន៧០ម៉ឺនរៀល ​និងស៊ីម៉ង់២៦តោន។ នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភជូនប្រជាពលរដ្ឋជាង៥០0នាក់​ ម្នាក់ៗទទួលបានសារ៉ុង១​ ថវិកា១ម៉ឺនរៀលផងដែរ៕