(តាកែវ)៖ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រុមជំនួយការរបស់ ហ៊ុន ម៉ាណែត បាននាំយកថវិកា ចំនួន១៩លានរៀល ស៊ីម៉ង់តិ៍១០តោន ឥដ្ឋ១០.០០០ដុំ ប្រគល់ជូនសាលាបឋមសិក្សាអង្គខ្នារ ដើម្បីជួសជុលអគារសិក្សា និងរបងសាលា រួមជាមួយថវិកា ២លានរៀល និងស៊ីម៉ង់តិ៍ ចំនួន២០តោន ដែលជាអំណោយរបស់ លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្នមុន្នី​ ប្រគេនដល់វត្តអង្គខ្នារ សម្រាប់ការកសាងក្នុងទីអារាមនេះ។

ក្រៅពីអំណោយទាំងនេះ ក្រុមការងាររួមជាមួយប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្ស បាននាំគ្នាដាំដុះកូនឈើជិត៥០០ដើម ក្នុងទីអារាមសម្រាប់ជាម្លប់ និងរួមចំណែកគាំពារដល់បរិស្ថាន។

នៅក្នុងឱកាសសំណេះសំណាល លោក មែ ស៊ីថន បាននាំការផ្តាំសាកសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ាណែត និងលោកស្រីទូលប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនលោកយាយលោកតា និងប្រជាពលរដ្ឋទាំងអស់។ លោកបន្តថា លោក ហ៊ុន ម៉ាណែត កំពុងបំពេញបេសកកម្មនៅក្រៅប្រទេស ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កំពុងចូលរួមកិច្ចប្រជុំកំពូល នៅឯអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ដើម្បីកិត្យានុភាព កិត្តិយស និងផលប្រយោជន៍ជាតិនៅលើឆាកអន្តរជាតិ។

លោកបានបង្ហាញអំពីគម្រូវីរភាព និងការលះបង់ដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងយុវជនជំនាន់មុនជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់អ្វីៗគ្រប់យ៉ាង និងយកជីវិតធ្វើជាដើមទុន ដើម្បីស្វែងរកសុខសន្តិភាពជូនប្រជាជន និងប្រទេសជាតិ ដែលធ្វើឲ្យយើងបានរស់នៅសុខសាន្ត និងមានឱកាសគ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។ សម្រាប់ការដាំដុះកូនឈើ លោកបានបន្តថា នេះជាពេលវេលាដ៏ល្អ ដែលយើងទាំងអស់គ្នាមានឱកាសចូលរួមដាំដើមឈើ ដើម្បីទុកជាគុណប្រយោជន៍សម្រាប់សង្គម និងមនុស្សជំនាន់ក្រោយ។

លោកអភិបាលរងស្រុកត្រាំកក់ និងលោក អ៊ុន វណ្ណា ក្នុងនាមតំណាងអាជ្ញាធរខេត្តតាកែវ និងជំនួសមុខជូនប្រជាពលរដ្ឋអ្នកស្រុកត្រាំកក់ សូមថ្លែងអំណរគុណក្រុមការងារ និងគោរពថ្លែងអំណរគុណចំពោះ លោក ហ៊ុន ម៉ាណែត និងលោកស្រី ដែលបានគិតគូរសុខទុក្ខប្រជាពលរដ្ឋ ដោយបានចូលរួមផ្តល់អំណោយដ៏ថ្លៃថ្លានេះ។

សូមបញ្ជាក់ថា ក្រៅពីអំណោយរបស់ខាងលើ ក្រុមការងារបាននាំយកអំណោយអនុស្សាវរីយ៍ របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្នមុន្នី រួមមានសម្ភារសិក្សាជូនសិស្សានុសិស្ស ក្រមា ក្រណាត់សរ និងថវិកាជូនលោកយាយលោកតា និងប្រជាពលរដ្ឋផងដែរ៕