(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ មាឃ ឡាញ់ នៃ ប៉េណា ដោយបានទទួលដំណឹងថា «ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា» បានទទួលមរណភាពនៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរោគាពាធ។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានរៀបរាប់ថា «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏មហាក្រៀមក្រំនេះផងដែរ ខ្ញុំនឹងភរិយា សូមចូលរួមរំលែកនូវមរណទុក្ខ ប្រកបដោយក្តីសង្វេគ សោកស្តាយ ស្រណោះ អាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា គឺជាការបាត់បង់នូវស្វាមីប្រកប ដោយសង្គហធម៌ដ៏ល្អពិសេស និងជាការបាត់បង់ឪពុក ជីតា ប្រកបដោយព្រហ្មវិហារធម៌ មិនចេះរីងស្ងួត ព្រមទាំងការបាត់បង់នូវវីរកុលបុត្រខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទះមនសិការ ក្នុងការបំរើបុព្វហេតុជាតិ សាសនា​ ព្រះមហាក្សត្រគ្រប់កាលៈទេសៈ»។

សូមជម្រាបថា លោក នៃ ប៉េណា បានទទួលមរណភាព នៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរោគាពាធ។

សពរបស់លោក នៃ ប៉េណា តម្កល់ធ្វើបុណ្យនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡាវីស ច្រកទ្វារទី២ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីដង្ហែរសពនឹងប្រពឹត្តទៅនៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបុទុមវត្តី៕