(ភ្នំពេញ)៖ គណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ មាឃ ឡាញ់ នៃ ប៉េណា ដោយបានទទួលដំណឹងថា «ឯកឧត្តម នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភា» បានទទួលមរណភាពនៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរោគាពាធ។

គណបក្សប្រជាជនកម្ពុជាទាំងមូល សូមសម្ដែងនូវការសោកស្ដាយគ្មានអ្វីប្រៀបផ្ទឹមបានឡើងចំពោះមរណភាពនេះ និងសូមកត់ត្រាទុកនូវរាល់ស្នាដៃ ឧត្តមគតិ វីរភាព និងគុណបំណាច់របស់ឯកឧត្ដម នៃ ប៉េណា ដែលជាកុលបុត្រដ៏ប្រពៃ ជាថ្នាក់ដឹកនាំ និងជាសកម្មដ៏ឆ្នើមរបស់គណបក្ស ដែលធ្លាប់បានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ ប្រជាជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជាកន្លងមក។

សូមជម្រាបថា លោក នៃ ប៉េណា បានទទួលមរណភាព នៅជន្មាយុ៧៤ឆ្នាំ នាវេលាម៉ោង១រសៀលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយរោគាពាធ។

សពរបស់លោក នៃ ប៉េណា តម្កល់ធ្វើបុណ្យនៅផ្ទះលេខ៣៩១ ផ្លូវប៉ូឡាវីស ច្រកទ្វារទី២ បុរីប៉េងហួត(បឹងស្នោរ) សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីដង្ហែរសពនឹងប្រពឹត្តទៅនៅព្រឹកថ្ងៃពុធ ទី០៣ ខែតុលា ឆ្នាំ២០១៨ ឆ្ពោះទៅកាន់ឈាបនដ្ឋាននៅទីលានមុខវត្តបុទុមវត្តី៕