(ភ្នំពេញ)៖ ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកបានទទួលបរាជ័យយ៉ាងអាម៉ាស់បំផុតជាថ្មីម្តងទៀតនៅបុរីញូយ៉ក នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ ២០១៨ ពេលដែលមាន ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងកាណាដាប្រមាណ១០០នាក់ប៉ុណ្ណោះ ចូលរួមមហាបាតុកម្មដ៏រប៉េះរប៉ោះដែលខ្លួនបានរៀបចំដើម្បីប៉ុនប៉ងប្រឆាំង និងបំផ្លាញមុខមាត់សម្តេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។

ផលអាក្រក់ដែលពួកបានសាងបានបែរមករកពួកគេវិញ មុខមាត់របស់ សម រង្ស៊ី កឹម មនោវិទ្យា មូរ សុខហួរ និងអេង ឆៃអ៊ាង  ត្រូវបានបំផ្លាញទាំងស្រុង ហើយតម្លៃនយោបាយរបស់ពួកគេបានបាត់បង់ស្ទើរតែទាំងស្រុងព្រោះបងប្អូនពលរដ្ឋខ្មែរ លែងជឿទុកចិត្តចំពោះអ្នកទាំងនេះទៀត ហើយគឺមានតែក្រុមអ្នកចង្អៀតចង្អល់ និងងុបងុលមួយចំនួនតូចដែលនៅជឿតាមការបោកប្រាស់ ញុះញង់របស់ពួកគេ។ នៅញូយ៉ក ក្រុមប្រឆាំងដឹកនាំដោយ សម រង្ស៊ី កឹម មនោវិទ្យា មូរ សុខហួរសង្ឃឹមថា នឹងមានសមុទ្រមនុស្សអ្នកប្រឆាំង ប៉ុន្តែជាក់ស្តែង មានតែសមុទ្រមនុស្សប្រមាណជិត ១០០០ នាក់ដែលបានមកស្វាគមន៍និងគាំទ្រសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលថ្មីយ៉ាងកក់ក្តៅបំផុត និងដោយសេចក្តីថ្លៃថ្នូរ និងមោទនភាពបំផុត។  

ដោយសារតែដឹងថាមិនអាចកៀងគរមនុស្សមកចូលរួមបាតុកម្មបាន ក្រុមអ្នកនយោបាយប្រឆាំងដែលសកម្មជាងគេ គឺ សម រង្ស៊ី ដែលដំបូងឡើយប្រកាសថានឹងដឹកនាំបាតុកម្មនោះ បែរជាប្រកាសមិនអាចចូលរួមបានដោយសារតែថាជាប់រវល់ប្រជុំគណបក្សសេរីពិភពលោកនៅអាហ្វ្រិកខាងត្បូង និងបេសកកម្មនៅខាងក្រៅ។ សម រង្ស៊ី និងគូកនរបស់ខ្លួនបានចាត់ទុកកិច្ចប្រជុំនេះថាជាការងារអាទិភាព។ ប៉ុន្តែរហូតមកទល់ពេលនេះគ្មានព័ត៌មានណាមួយនិយាយពីកិច្ចប្រជុំនេះឡើយ។ កិច្ចប្រជុំដែល សម រង្ស៊ី និងគូកនបានលើកឡើងគឺគ្រាន់តែជាការបោកប្រាស់ប៉ុណ្ណោះ គ្មានការពិតឡើយ។ តាមពិត សម រង្ស៊ី មិនបានធ្វើដំណើរទៅអាហ្វ្រិកខាងត្បូងទេ ប៉ុន្តែសម្ងំដេកនៅផ្ទះរបស់ខ្លួន បញ្ជាការធ្វើបាតុកម្មតាមហ្វេសប៊ុក និងតាមទូរស័ព្ទ មិនហ៊ានចូលរួមដោយផ្ទាល់ឡើយខ្លាចខ្មាសគេ បាក់មុខបាក់មាត់ ព្រោះជាមហាបាតុមម្មដែលគ្មានមនុស្សចូលរួម។

ការភូតភរបោកប្រាស់ប្រជាជនឯង អ្នកគាំទ្រឯងគឺជាចរិតហ្ស៊ីនរបស់ សម រង្ស៊ី ហើយកំសាក មិនហ៊ានប្រឈមមុខនឹងការ ពិត មិនទទួលស្គាល់ការពិតគឺជាចំណុចខ្សោយរបស់ សម រង្ស៊ី តាំងពីកំណើត។ នៅមុននេះ សម រង្ស៊ី បានលើកឡើងថា ការធ្វើបាតុកម្មនៅអាមេរិកគឺសំខាន់ណាស់ដើម្បីស្តារលទ្ធិប្រជាធិប តេយ្យនៅកម្ពុជា នេះគឺជាការងារអាទិភាព ហើយរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន នឹងដឹងថាសហគមន៍អន្តរជាតិធ្វើយ៉ាងណាក្រោយមហាបាតុកម្ម។ តើមានអ្វីជាអាទិភាពនយោបាយសំខាន់ជាងនេះទៀត នេះមិនរាប់ថា ការរវល់របស់ សម រង្ស៉ី គឺជារឿងកុហកបោកប្រាស់សកម្មជនរបស់ខ្លួនផង។ តាមពិត អ្វីដែលសម រង្ស៊ី លើកនិងគ្រោងឡើងគ្រាន់តែជាផែនការខ្យល់ប៉ុណ្ណោះ។ អ្នកដែលទៅចូលរួមបាតុកម្មប្រឆាំងទៀតសោតសុទ្ធតែមិនបង្ហាញភាពថ្លៃថ្នូរ ដើរស្រែកឡូឡារហូតដល់សមត្ថកិច្ចនគរបាលអាមេរិកព្រមាន និងទាត់ឱ្យចូលរង្វង់ដែលគរគូសឱ្យដើរ។ ក្រុមប្រឆាំងរត់ចោលស្រុក នេះមិនមែនត្រឹមតែជាខ្ញុំកញ្ជះដាច់ថ្លៃបរទេសឡើយ តែបានដើរបំផ្លាញកម្ពុជាគ្រប់រូបភាព។ រីឯបងប្អូនប្រជពលរដ្ឋដែលគាំទ្រសម្តេចបានរក្សាបាននូវរបៀបរៀបរយ និងទទួលបាននូវការកោតសរសើរជាមនុស្សស៊ីវិល័យ និងប្រកបដោយអរិយធម៌រុងរឿង គោរពតាមច្បាប់កំណត់របស់អាជ្ញាធរ។

ឆ្លងតាមអ្វីដែលកើតលើកនេះ ពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសពិតជាមានភស្តុតាងបញ្ជាក់បន្ថែមទៀតថា សម រង្ស៊ី គឺជាអ្នកនយោបាយគង់ហ៊ាន កំសាកញី និងគ្មានគោលការណ៍ច្បាស់លាស់។ សម រង្ស៊ី ជាអ្នកនយោបាយគិតមួយថ្ងៃធ្វើមួយថ្ងៃ និងជាអ្នកនយោបាយបោកប្រាស់អាជីព និងជាអ្នកបំផ្លាញជាតិពិតប្រាកដ។ ការប្រឹងស្រែកឡូឡារបស់អ្នកគាំទ្រខ្មោចបក្សសង្គ្រោះជាតិគឺគ្រាន់តែសំឡេងរ៉ៃយំតែប៉ុណ្ណោះ។

នៅលើកនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលពិតជាបាននាំមកនូវជ័យជម្នះដ៏ធំធេងសម្រាប់ប្រជាជាតិខ្មែរមួយនេះ ដោយបំបាក់ក្រុមប្រតិកិរិយាប្រឆាំងផលប្រយោជន៍ប្រជាជន និងមជ្ឈដ្ឋានអមិត្តរបស់កម្ពុជាមួយចំនួនដោយទម្លាយផែនការនៃការជ្រៀតជ្រែកផ្ទៃក្នុងកម្ពុជា និងផែនការបដិវត្តន៍ពណ៌។ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីភាពខ្លាំងរបស់កម្ពុជាលើគ្រប់វិស័យទាំង នយោបាយ ការទូត និងសេដ្ឋកិច្ចសង្គម ដល់ពិភពលោកទាំងមូលឱ្យដឹង ហើយកម្ពុជាពិតជាមានមោទនភាពជាតិយ៉ាងខ្លាំង និងមានមោទនភាពអ្វីដែលខ្លួនបានធ្វើសម្រាប់ថែរក្សាុសសន្តិភាព ស្ថិរភាពជាតិ និងការអភិវឌ្ឍ៕

ដោយ ចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨

(សកម្មភាពបងប្អូនប្រជាពលរដ្ឋគាំទ្រ សម្តេចតេជោ ហ៊ុន សែន)