(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកបង្ហាញពីការអភិវឌ្ឍន៍ លើវិស័យធនាគារក្នុងប្រទេសកម្ពុជា ដោយក្នុងនោះលោកបានលើកយក ពីភាពរីកចម្រើនយ៉ាងឆាប់រហ័ស នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដោយបច្ចុប្បន្នអត្រានៃប្រជាជនពេញវ័យ ដែលប្រើប្រាស់សេវានេះមានរហូតដល់៦៧% បើធៀបកាលពីមុនមានត្រឹមក្រោម១០%ប៉ុណ្ណោះ។

ការលើកឡើងបែបនេះ របស់លោកអគ្គទេសាភិបាលធនាគារជាតិ ធ្វើឡើងនាឱកាសដែលលោកអញ្ជើញ ជួបសំណេះសំណាលជាមួយតំណាង សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុនលើកទី៤៥ ចំនួន៣៣នាក់ នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

លោកអគ្គទេសាភិបាលឲ្យដឹងថា បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បានកំពុងរួមចំណែកកាត់បន្ថយភាពក្រីក្រ និងចូលរួមលើកស្ទួយជីវភាព របស់ពលរដ្ឋកម្ពុជា។ បរិយាប័ន្នហិញ្ញវត្ថុបានកើនឡើងជាលំដាប់ ទាំងនេះបានឆ្លុះបញ្ចាំងតាមរយៈកំណើននៃប្រជាជនពេញវ័យ កំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុ។

លោកបន្ដទៀតថា «បច្ចុប្បន្នវិស័យមីក្រូហិរញ្ញវត្ថុកំពុងរីកធំធាត់គួរឲ្យកត់សំគាល់ ដោយក្នុងនោះទ្រព្យសកម្មក្នុងវិស័យនេះកើនរហូតដល់១៤% នៃទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ ឥណទានបានកើនដល់១៩.២% នៃឥណទានគ្រឹះស្ថានធនាគារ និងប្រាក់បញ្ញើកើនដល់១១.១ភាគរយ នៃប្រាក់បញ្ញើគ្រឹះស្ថានធនាគារ»

លោកបានបញ្ជាក់ទៀតថា កំណើនរហូតដល់៦៧% នៃការប្រើប្រាស់សេវាហិរញ្ញវត្ថុ របស់ប្រជាជនពេញវ័យនៅកម្ពុជានេះ មានការកើនឡើងខ្ពស់មែនទែន បើធៀបនឹងរយៈពេលដូចគ្នាកាលពី១ទសវត្សរ៍កន្លងទៅ ដែលមានត្រឹមតែក្រោម១០%ប៉ុណ្ណោះ។ លើសពីនេះកំណើនប្រជាជនកំពុងប្រើប្រាស់ សេវាហិរញ្ញវត្ថុក៏ឆ្លុះបញ្ចាំងពីកម្រិតនៃការយល់ដឹង នៃពលរដ្ឋលើវិស័យនេះផងដែរ។

លោកបញ្ជាក់បន្ថែមទៀតថា «វិស័យមីក្រូហិរញ្ញវត្ថុបានផ្ដល់ឥណទាន ដល់ប្រជាជនចំនួន១.៨លាននាក់ និងមានអ្នកដាក់ប្រាក់បញ្ញើ១.៦លាននាក់។ វិស័យមីក្រូហិរញ្ញវត្ថុមិនត្រឹមតែបានចូលរួមចំណែក ពង្រីកបរិយាប័ន្នហិរញ្ញវត្ថុប៉ុណ្ណោះទេ តែថែមទាំងបានផ្ដល់ការងារដល់ប្រជាជន៣ម៉ឺននាក់ ហើយឥណទានរបស់មីក្រូហិរញ្ញវត្ថុ បានផ្ដល់ទៅលើវិស័យសេដ្ឋកិច្ចនានារួមមាន៖ វិស័យកសិកម្ម៣០%, ក្រុមគ្រួសារ៣០.៥%, វិស័យពាណិជ្ជកម្ម១៨.៨%, វិស័យសេវាកម្ម១០% និងវិស័យផ្សេងៗទៀត១០%ផងដែរ។

សូមបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានចូលរួមចំណែក អភិវឌ្ឍន៍សេដ្ឋកិច្ចបន្ថែមទៀត តាមរយៈការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ ពង្រីបណ្ដាញសេវាហិរញ្ញវត្ថុ និងធ្វើឲ្យប្រសើរឡើងនូវបទប្បញ្ញាត្តិ និងការត្រួតពិនិត្យដើម្បីធានានូវប្រព័ន្ធ ធនាគារដែលរឹងមាំ និងមានប្រសិទ្ធភាព៕