(ប៉ៃលិន)៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ លោក​ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោកចេង ញ៉ាន់ អភិបាលរងខេត្ត និងលោកស្រី ជា លាភ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទៅឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀងចំនួន ២០គ្រួសារ នៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល បានលើកឡើងថា ការចែក​អំណោយនៅ​ពេល​នេះដើម្បីចូលរួមចំណែកដោះស្រាយជីវភាពរបស់បងប្អូនបានមួយកំរិត សំដៅការ​អភិវឌ្ឍ រួម​ចំណែក​​​​លើក​​កំពស់ជីវភាពរបស់បងប្អូនឱ្យកាន់តែល្អថែមទៀត បើទោះបីអំណោយ​ទាំងនេះមិនបាន​បំពេញ​តាមតំរូវការរបស់បងប្អូនក៍ពិតមែន ក៍អាចដោះស្រាយបានមួយកំរិតផងដែរ ដូច្នេះសូម​បងប្អូនទាំងអស់​ត្រូវខិតខំ​ប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិត និងបង្កបង្កើតផលដាំដំណាំឱ្យបានកាន់ច្រើន ដើម្បីបង្កើន​ជីវភាព​របស់បងប្អូនឱ្យធូធាជាងមុន។

លោក ផាន់ ចាន់ធុល ​ក៏បានផ្តាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាព​ផ្ទាល់ខ្លួន និងក្រុម​​​គ្រួសារដោយរដូវនេះមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទៈ ដែលងាយបង្ក​គ្រោះ​ថ្នាក់ ហើយបើបងប្អូនមានបញ្ហាអ្វីកើតឡើងក្នុងគ្រួសារត្រូវរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដែល​នៅជិតកៀកជា​មួយបងប្អូនផ្ទាល់ ដើម្បីឱ្យក្រុមការងារចុះជួយដល់បងប្អូនឆាប់រហ័ស និងទាន់​ពេលវេលា ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋទីទាល់ក្រ ខ្វះខាតស្បៀង ដែលទទួលអំណោយពីអាជ្ញាធរខេត្ត មានចំនួន ២០គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ២៥គីឡូក្រាម មី ១កេះ ផងដែរ៕