(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយ លោក ចេង ញ៉ាន់ និងលោកស្រី ជា លាភ អភិបាលរងខេត្ត ព្រមទាំងក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨ បានអញ្ជើញពិនិត្យមើលផ្លូវលំ ១ខ្សែរ ប្រវែងជាង ១០គីឡូម៉ែត្រ ដើ​ម្បីគ្រោងបើកការដ្ឋានកសាងនាពេលឆាប់ៗខាងមុខនេះ ក្នុងការឆ្លើយតបទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ នៅភូមិភ្នំរាំង និងភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

លោក ផាន់ ចាន់ធុល បានលើកឡើងថា សមិទ្ធផលនានាដែលកើតមានឡើង គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋានត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធផលនានាដូចជា ការកសាងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ ផ្តល់អំណោយមនុស្សធម៌ និងឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រារ ចាស់ជរាឥតទីពឹង ដោយមិនទុកបណ្តោយឱ្យប្រជាពលរដ្ឋណាម្នាក់ដាច់ពោះ ដែលយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ។

អភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការធ្វើផ្លូវលំ១ខ្សែរនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារ ជាពិសេសផ្តល់ភាពងាយស្រួលដល់សិស្សាសិស្សបានធ្វើដំណើរទៅសាលារៀន។ លោក ក៍បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការកសាងផ្លូវនេះ ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង។

សូមបញ្ជាក់ថា៖ ផ្លូវលំក្រាលក្រួស១ខ្សែរ ដែលអាជ្ញាធរខេត្តប៉ៃលិន គ្រោងបើកការដ្ឋានកសាងនាពេលខាងមុខឆាប់ៗនេះ គឺមានប្រវែង ៩៧០០ម៉ែត្រ ទទឹង៥ម៉ែត្រ ដាក់មុខកាត់១តឹក ចំនួន៧កន្លែង ដោយប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍនខេត្ត៕