(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានក្រុមការងារគណៈកម្មាធិ​ការកណ្តាល​ចុះជួយខេត្តសៀមរាប ក៏បានធ្វើការក្រើនរំលឹកដល់ក្រុមការងារទាំងអស់ ត្រូវបន្តការងារ​ស្នូលរបស់ខ្លូន ឲ្យ​ដូចភ្លៀងរលឹមនៅ​តាមមូលដ្ឋានដែលទទួលខុសត្រូវ ក្នុងការថែរក្សាឲ្យបាននូវប្រពៃណីរបស់​គណបក្ស​ប្រជាជនកម្ពុជា។

សារក្រើនរំលឹកជាថ្មីម្ដងទៀតនេះរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ត្រូវបានលើកឡើងក្នុងឱកាសអញ្ជើញជាធិបតី ក្នុងសន្និបាតបូកសរុប និង​ដកពិសោធន៍​លើការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ​ឆ្នាំ២០១៨ និងលើកទិសដៅសម្រាប់អនុវត្តរយៈពេលខាងមុខ របស់គណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។

ក្នុងសន្និបាតនោះ លោក ឃឹម ប៊ុនសុង សមាជិកគណៈកម្មាធិការកណ្តាល និង​ជាប្រធាន​គណបក្ស​ប្រជាជនកម្ពុជាខេត្ត បានបញ្ជាក់ថា អង្គសន្តិបាតនេះ​នឹងបានឆ្លុះបញ្ចាំង អំពីលទ្ធផលការងារដែល​សម្រេច​បានកន្លងមក ព្រមទាំងឆ្លុះបញ្ចាំងពីចំណុចខ្លាំង ចំណុចខ្សោយ និង​លើកនូវបទពិសោធន៍ល្អៗ ដើមី្បជាមូលដ្ឋានគ្រឹះ សម្រាប់អនុវត្តរយៈពេលបន្ត​កាន់តែមានប្រសិទ្ធិភាព។

ថ្លែងទៅកាន់អង្គពិធីទាំងមូល សម្តេចពិជ័យសេនា ទៀ បាញ់ ​បាន​ឯកភាពទៅលើ​របាយការណ៍របស់គណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំង​កោតសរសើរផងដែរ អំពីលទ្ធផលដែលក្រុមការ​ងារគ្រប់លំដាប់ថ្នាក់ បានអនុវត្តទៅគ្រប់រូបភាព​តាមមូលដ្ឋាននីមួយៗ ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំរបស់គណបក្សប្រជា​ជនកម្ពុជា ដែលបានចាក់ចូលជ្រៅដល់ស្រទបមហាជន ប្រជាជន ដែលធ្វើឲ្យមានការជឿជាក់លើការដឹកនាំរបស់គណ​បក្សប្រជាជនកម្ពុជា។

សម្តេច ទៀ បាញ់ ក៏បានលើកនូវបទ​ពិសោធន៍ល្អៗ ដើម្បីជាមូល​ដ្ឋានគ្រឹះសម្រាប់អនុវត្តរយៈពេលបន្ត កាន់​តែមានប្រសិទ្ធិភាព និង​សម្រេចបានជោគជ័យ ទៅតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅអាណត្តិ​ក្រោយៗបន្តទៀតផង និង​បាន​លើកនូវកត្តាសំខាន់ៗមួយ​ចំនួន ដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជា ទទួលការគាំទ្រពីប្រជាពលរដ្ឋ ក្នុងការបោះ​ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ ក្នុងខេត្តសៀមរាប ទទួលបានអាសនៈ៦ លើ៦អាសនៈ​។

ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ចំពោះ​ការរៀបចំនូវទីតាំង​ការិយាល័យរដ្ឋភា ក៏ដូចព្រឹទ្ធសភា នៅខេត្តសៀមរាប ដោយរយៈពេល៥អាណត្តិមកនេះ បានយកទីតាំងរបស់លោក សៀង ណាំ ធ្វើជាការិយាល័យ​។ តែក្នុងអាណត្តិទី៦នេះ គឺត្រូវធ្វើឲ្យខាងតែបាន ដើមី្បងាយស្រួលដល់ប្រជាពលរដ្ឋ​ភ្ញៀវជាតិ អន្តរជាតិ ចូលមកធ្វើការទំនាក់ទំនងលើការងារ​។

សម្តេចប្រធានក្រុមការងារ ក៏បានធ្វើការថ្លែង​អំណរគុណ​ដល់ម្ចាស់ឆ្នោត​ ដែលបានបោះឆ្នោតគាំទ្រគណបក្ស​ប្រជាជនកម្ពុជា ហើយចំពោះលទ្ធផលបោះ​ឆ្នោតកន្លងទៅនេះ ដែលធានានូវគ្រប់លក្ខណៈសម្បត្តិ សម្រាប់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំជោគវាសនាប្រទេស​ជាតិ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ថែរក្សាបានសន្តិសុខ សន្តិភាព ស្ថេរភាពនយោបាយ និង​កិច្ច​អភិវឌ្ឍន៍សង្គម​តាមកម្មវិធីនយោបាយរបស់គណបក្ស​ប្រជាជនកម្ពុជា​សម្រាប់ការកសាង និង​ការពារមាតុភូមិឆ្នាំ​២០១៨-២០២៣៕