(ភ្នំពេញ)៖ ក្នុងឋានៈកម្ពុជា ជាអនុប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានដឹកនាំកិច្ចប្រជុំពេញអង្គនៃកិច្ចពិភាក្សាទូទៅ នៅអង្គការសហប្រជាជាតិ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨។

ការទទួលបានឱកាសដឹកនាំកិច្ចប្រជុំពេញអង្គ នៃកិច្ចពិភាក្សាទូទៅនេះ គឺជាឱកាសប្រកបដោយមោទន:ភាព និងកិត្យានុភាព ដែលប្រមុខការបរទេសកម្ពុជា បាននាំកិត្តិនាមរបស់ប្រទេសកម្ពុជា ទៅបង្ហាញនៅក្នុងអង្គការពិភពលោកនេះ។

សូមបញ្ជាក់ថា កម្ពុជាបានដើរតួនាទីជាអនុប្រធាន​នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិចំនួនពីរលើកហើយ។ លើកទី១ នៅក្នុងសម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៥៦ អាណត្តិ​ឆ្នាំ២០០១-២០០២​ និងលើកទី២ នៅក្នុងសម័យប្រជុំ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៣ អាណត្តិ​ឆ្នាំ២០១៨-២០១៩។

តាមរយៈតួនាទីនេះ កម្ពុជា​អាចមាន​ឱកាស​ដឹកនាំ​កិច្ចប្រជុំ​របស់​មហាសន្និបាត ជំនួសមុខ​ប្រធាន និង​តាម​សំណើរ​របស់​ប្រធាន​៕