(ភ្នំពេញ)៖ បន្ទាប់ពីមើលឃើញភាពរីចម្រើន និងការអភិវឌ្ឍន៍ឥតឈប់ឈររបស់កម្ពុជា អ្នកវិនិយោគកូរ៉េគ្រោងមកវិនិយោគលើមុខជំនួញចំនួន៥នៅកម្ពុជា ដូចជា៖ វិស័យថាមពលអគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ, ការកែច្នៃសំរាមសម្រាប់ផលិតថាមពលអគ្គិសនី, ការផលិតជីឥន្ធនៈ, ការជំរុញឲ្យមានការប្រើប្រាស់នាឡិកាវាស់ស្ទង់អគ្គិសនីវៃឆ្លាត (smart meter) និងការនាំខ្សាច់ស៊ីលីកាចេញពីកម្ពុជា។

ថ្លែងក្នុងឱកាសដែលត្រូវបានអនុញ្ញាត ឲ្យចូលជួបសម្ដែងការគួរសមជាមួយលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ លោក Oh Nak-young ឯកអគ្គរដ្ឋទូតកូរ៉េប្រចាំកម្ពុជាបានឲ្យដឹងថា «អ្នកវិនិយោគកូរ៉េកំពុងចាប់អារម្មណ៍ខ្លាំង ក្នុងការវិនិយោគផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ការកែច្នៃសំរាមសម្រាប់ផលិតថាមពលអគ្គិសនី, ការផលិតជីវៈឥន្ធនៈ, ការជំរុញឲ្យមានការប្រើប្រាស់នាឡិកាវាស់ស្ទង់អគ្គិសនីវៃឆ្ឆ្លាត(smart meter) និងការនាំខ្សាច់ស៊ីលីកាចេញពីកម្ពុជា»។

លោកឯកអគ្គរដ្ឋទូតបញ្ជាក់ថា កូរ៉េមានក្រុមហ៊ុនជាច្រើន និងមានបច្ចេកវិទ្យាខ្ពស់និងខុសៗគ្នាក្នុងការផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ហើយកូរ៉េពេញចិត្តក្នុងការចែករំលែកបទពិសោធន៍ ក៏ដូចជាបច្ចេកទេសនេះដល់កម្ពុជា។

លោកឯកអគ្គរដ្ឋទូត ក៏បានស្នើលោករដ្ឋមន្ត្រីក្រសួងរ៉ែ ក្នុងការបង្កើតក្រុមកាងារមួយរវាងKOIKA និងមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងរ៉ែ និងថាមពលដើម្បីធ្វើការងារនេះផងដែរ។

លោក ស៊ុយ សែម បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅបំផុតចំពោះ អ្នកវិនិយោគគ្រប់ជាតិសាសន៍ពិសេសអ្នកវិនិយោគិនកូរ៉េ ដែលមានបំណងគ្រោងមកវិនិយោគ លើវិស័យថាមពលដើរដោយពន្លឺព្រះអាទិត្យ និងបានណែនាំអ្នកវិនិយោគទាំងនោះដាក់ពាក្យស្នើសុំដេញថ្លៃ នាពេលខាងមុខនេះនៅចន្លោះខែវិច្ឆិកា ព្រោះថាមានគម្រោងថាមពលដើរដោយពន្លឺព្រះអាទិត្យ១០០មេហ្គាវ៉ាត់ ក្រោមការសិក្សារបស់ធនាគារអភិវឌ្ឍអាស៊ី (ADB) រួមទាំងគម្រោងផ្សេងៗទៀត។

លោករដ្ឋមន្រ្ដីបានបន្ថែមថា ចំពោះការអភិវឌ្ឍន៍លើរោងចក្រអគ្គិសនីដើរដោយសំរាមវិញ កន្លងមកឃើញថាមានក្រុមហ៊ុនជាច្រើនបានដាក់ការស្នើសុំ សិក្សាទៅលើគម្រោងនេះ ប៉ុន្ដែមិនមានលទ្ធផលនោះឡើយ។ លោករដ្ឋមន្រ្ដីបានស្នើសូមអគ្គរដ្ឋទូតកូរ៉េ ជួយរកអ្នកវិនិយោគកូរ៉េពិតប្រាកដ ដែលមានទាំងធនធាន, បច្ចេកទេស និងទុនមកវិនិយោគលើវិស័យនេះ ព្រោះសំរាមនៅទីក្រុងភ្នំពេញ១ថ្ងៃៗមានរាប់សិបពាន់តោនឯណ្ណោះ។


លោកបានបន្ដទៀតថា ដោយឡែកសម្រាប់ការផលិតជីវៈឧស្ម័នមានក្រុមហ៊ុនកូរ៉េមួយឈ្មោះ MH BioEnergy កំពង់ដំណើរការផលិតអេតាណុល ចេញពីដំឡូងមីហើយវិស័យកសិកម្មរួមទាំងការដាំដំឡូងមី ក៏មានច្រើនស្ទើរគ្រប់ខេត្ត។ ប្រសិនបើមានក្រុមហ៊ុនកូរ៉េ ចាប់អារម្មណ៍លើវិស័យនេះ កម្ពុជាសូមស្វាគមន៍ជានិច្ច។


លោករដ្ឋមន្រ្ដីបានបន្ថែមទៀតថា ចំពោះការប្រើប្រាស់នាឡិកាវាស់ស្ទង់អគ្គិសនីវៃឆ្ឆ្លាត(smart meter) កន្លងមកអគ្គិសនីកម្ពុជាធ្លាប់បានទទួលជំនួយ ពីកូរ៉ែដែរឃើញថាមានគុណភាពខ្ពស់ ដូច្នេះសូមឲ្យក្រុមហ៊ុនទាក់ទងផ្ទាល់ជាមួយអគ្គិនសីកម្ពុជា ក្នុងការធ្វើការងារនេះព្រោះពាក់ពន្ធ័ប្រសិទ្ធភាព គុណភាព តម្លៃ និងភាពអនុលោម។

លោករដ្ឋមន្រ្ដី គាំទ្រ និងស្វាគមន៍ចំពោះការបង្កើតក្រុមកាងាររវាង KOIKA និងមន្ត្រីជំនាញបច្ចេកទេសរបស់ក្រសួងរ៉ែ និងថាមពល ដើម្បីធ្វើការងារផ្ទេរបទពិសោធន៍, បច្ចេកទេស និងថាមពលដើរដោយពន្លឺព្រះអាទិត្យនេះផងដែរ៕